FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន (Video inside)

17-10-2026 15:15

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ថារុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយនៅក្នុងប្រទេសអ៊ុយក្រែនស្ថិតនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង២ ដែលនឹងមិនក្លាយជាប្រធានបទក្នុងកិច្ចចរចាណាមួយនៅពេលអនាគតជាមួយទីក្រុងកៀវនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន ដែលស្លៀកឯកសណ្ឋានយោធា និងថ្លែងការណ៍អំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ទីបញ្ជាការមួយរបស់រុស្ស៉ី បានឱ្យដឹងថាការបង្កើតតំបន់សន្តិសុខខាងលើជាការឆ្លើយតបទៅនឹងការលុកលុយរបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចរុស្ស៉ីកាលពីឆ្នាំ២០២៤-២០២៥។ លោក ពូទីន បានកត់សម្គាល់ដូច្នេះថា «កងកម្លាំងប្រដាប់អាវុធរុស្ស៉ីមិនត្រឹមតែទទួលភារកិច្ចដើម្បីបណ្ដេញសត្រូវចេញពីទឹកដីរបស់យើងប៉ុណ្ណោះទេ តែពួកគេក៏កំពុងបង្កើតតំបន់សន្តិសុខមួយទឹកដីស្ថិតនៅក្បែរព្រំដែនរបស់យើងផងដែរ»។

តាមលោក ពូទីន ការបង្កើតតំបន់សន្តិសុខនេះមានគោលដៅធានាសន្តិសុខរបស់រុស្ស៉ីនៅតាមបណ្ដោយព្រំដែននាពេលអនាគត ហើយរុស្ស៉ីគ្មានគម្រោងយកតំបន់សន្តិសុខនេះដាក់ជាប្រធានបទសម្រាប់កិច្ចចរចាណាមួយជាមួយអ៊ុយក្រែននោះឡើយ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov គម្រោងបង្កើតតំបន់សន្តិសុខខាងលើមានប្រវែង ៦៦០គីឡូម៉ែត្រ ហើយបច្ចុប្បន្ន ៧០ភាគរយនៃតំបន់នេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ តែមិនបានបញ្ជាក់ថាតើតំបន់នេះត្រូវបង្កើតក្នុងទឹកដីអ៊ុយក្រែនក្នុងជម្រៅប៉ុន្មាននោះទេ៕