ផ្សែងអ័ព្ទបង្កឱ្យមានកម្រិតអាសន្នខ្ពស់បំផុត នៅភាគខាងត្បូងនៃតំបន់អាស៊ាន (Video inside)
17-10-2026 13:48
(សិង្ហបុរី)៖ ភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលបានភាយផ្សែងអ័ព្ទគ្របដណ្ដប់លើផ្នែកជាច្រើននៃតំបន់អាស៊ីអាគ្នេយ៍ បានបង្កជាការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយក្រុមអ្នកតាមដានអាកាសធាតុ និងភ្លើងឆេះព្រៃនៅក្នុងតំបន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មជ្ឈមណ្ឌឯកទេសឧតុនិយមអាស៊ាននៃប្រទេសសិង្ហបុរី (ASMC) បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ពីការដំណើរការភាពអាសន្នកម្រិតទី៣ សម្រាប់ភាគខាងត្បូងនៃតំបន់អាស៊ានជុំវិញខ្សែអ័ព្ទ។ មានមូលដ្ឋាននៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី ASMC បានប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នមាន៤កម្រិត រាប់ចាប់ពីលេខសូន្យ រហូតដល់លេខ៣។ កម្រិតប្រកាសអាសន្នខ្ពស់បំផុតនឹងត្រូវបានធ្វើឡើងនៅពេលមានហានិភ័យខ្ពស់នៃការរសាត់អណ្ដែតផ្សែងអ័ព្ទឆ្លងដែននៅក្នុងតំបន់។
ការប្រកាសអាសន្នកម្រិតខ្ពស់ដូចគ្នានេះក៏ធ្លាប់កើតឡើង២លើកផងដែរ ក្នុងឆ្នាំ២០២៦នេះ គឺកាលពីថ្ងៃទី២៧ ខែមីនា និងថ្ងៃទី២៦ ខែសីហា។ វិបត្តិផ្សែងអ័ព្ទជាច្រើនខែមកនេះបានបង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជននៅតាមមួយផ្នែកធំនៃតំបន់អាស៊ីអាគ្នេយ៍ និងបង្ខំឱ្យបិទសាលារៀន ក៏ដូចជាបង្កផលរំខានដល់ការដង្ហើម៕

