លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ (Video inside)
17-10-2026 09:55
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកប្រហែលជាត្រូវបើកការវាយប្រហារលើភ្នំ Pickaxe ជាទីតាំងមួយមានជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ តែបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។ តាមលោក ត្រាំ សហរដ្ឋអាមេរិកចង់ធ្វើឱ្យប្រាកដថាអ៉ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត ពីព្រោះបើតេហេរ៉ង់មាន នោះពួកគេនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ភ្នំ Pickaxe គឺជាទីតាំងមួយដែលគេជឿថាមូលដ្ឋានរោងចក្រនុយក្លេអ៊ែរក្រោមដីដ៏រឹងមាំ និងស្ថិតក្នុងចំណោមរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់។
លោក ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថាសហរដ្ឋអាមេរិកមិនត្រូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៉ីរ៉ង់នោះទេ។ «ខ្ញុំនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ។ យើងនឹងមិនធ្វើវាឡើយ»។ នេះជាការបន្ថែមរបស់លោក ត្រាំ ជាមួយការបញ្ជាក់ឡើងវិញថាលោកមិនមែនកំពុងពិចារណាបញ្ជូនកងទ័ពថ្មើរជើងអាមេរិកទៅកាន់អ៉ីរ៉ង់ទេ។
គួរបញ្ជាក់ថា លោក ត្រាំ មិនបាននិយាយថាតើរូបលោកនឹងអនុញ្ញាតឱ្យយោធាអាមេរិកប្រើប្រាស់ម៉ែគ្រាប់បែក MOAB ឬក៏យ៉ាងណានោះទេ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។ ប៉ុន្តែលោកបានព្រលយថា MOAB មិនមែនជាគ្រាប់បែកនុយក្លេអ៊ែរឡើយ៕
