អ្នកនាំពាក្យសេតវិមាន លោកស្រី Zacharia ត្រូវបានបញ្ឈប់ពីការងារ ក្រោយកាន់តំណែងមិនដល់មួយសប្ដាហ៍ (Video inside)
17-10-2026 09:16
(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Katie Zacharia ត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីបានឡើងកាន់តំណែងមិនដល់មួយសប្ដាហ៍ផង។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក២នាក់ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីអាមេរិកទាំង២នាក់ បានប្រាប់ Reuters ថាលោកស្រី Katie Zacharia ត្រូវបានបញ្ឈប់ពីមុខតំណែង និងកំពុងចាកចេញពីតំណែងជាអ្នកនាំពាក្យសេតវិមាន។ លោកស្រី Zacharia បានប្រឈមមុខនឹងការសង្ស័យជាច្រើនថ្ងៃមកហើយអំពីអាជ្ញាបណ្ណផ្នែកច្បាប់របស់លោកស្រី ក៏ដូចជាការរិះគន់លើការបំពេញការងារបស់របស់លោកស្រី នៅក្នុងការធ្វើសន្និសីទសារព័ត៌មានខ្លី និងបទសម្ភាសន៍មួយចំនួន។
គួរបញ្ជាក់ថា លោកស្រី Zacharia បានចាប់ផ្ដើមការងារជាអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ និងបានចាប់ផ្ដើមដឹកនាំការធ្វើសន្និសីទសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារ។ លោកស្រីទទួលបានការហៅទូរស័ព្ទមួយអំពីតំណែងអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃទី៧ ខែតុលា និងត្រូវបានផ្ដល់តំណែងជាអ្នកនាំពាក្យជំនួសលោកស្រី Karoline Leavitt កាលពីមួយសប្ដាហ៍មុន។ ប៉ុន្តែភ្លាមៗក្រោយឡើងកាន់តំណែង លោកស្រី Zacharia បានប្រឈមមុខនឹងសំណួរជាច្រើនពីអាជីពការងាររបស់លោកស្រី និងអាជ្ញាបណ្ណជាមេធាវីរបស់លោកស្រី។
រហូតដល់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ទើបលោកស្រីបានសារភាពថាលោកស្រីមិនបានប្រឡងជាប់យកអាជ្ញាបណ្ណជាមេធាវីនោះទេ។ នៅសហរដ្ឋអាមេរិក និស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់នឹងមិនអាចប្រកបវិជ្ជាជីវៈជាអ្នកច្បាប់ដោយស្របច្បាប់នោះទេ ប្រសិនបើមិនអាចប្រឡងជាប់យកអាជ្ញាបណ្ណ។
លោក ត្រាំ ដែលធ្លាប់ហៅលោកស្រី Zacharia ជាមេធាវីម្នាក់ផងនោះ បានបញ្ជាក់ថារូបលោកមិនប្រញាប់តែងតាំងអ្នកនាំពាក្យថ្មីរបស់សេតវិមាននោះទេ៕

