FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»

16-10-2026 20:44

(ប៉ារីស)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ពេហ្សេសគីយ៉ាន (Masoud Pezeshkian) នៅថ្ងៃសុក្រនេះ បានជំរុញឱ្យបណ្តាប្រទេសជុំវិញពិភពលោក រួមគ្នាថ្កោលទោសអ្វីដែលលោកហៅថាជា «ការប្រល័យបរិស្ថាន» នៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយ «សង្គ្រាមឈ្លានពាន»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីធម្មជាតិ នៅក្នុងប្រទេសអាមេនី (Armenia) ដែលមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោក ពេហ្សេសគីយ៉ាន បានលើកឡើងថា៖ «អ្វីដែលបានកើតឡើងនៅក្នុងតំបន់របស់យើង ដោយសារតែសង្គ្រាមឈ្លានពាន គឺជាការប្រល័យបរិស្ថាន ឬការសម្លាប់រង្គាលធនធានធម្មជាតិ ដែលទាមទារឱ្យមានការថ្កោលទោសជាដាច់ខាត»។

លោកប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ជម្លោះប្រដាប់អាវុធនៅតំបន់ហ្គាហ្សា និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានបំផ្លិចបំផ្លាញធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលផលប៉ះពាល់នេះបានរាលដាលឆ្លងកាត់ព្រំដែន និងទាមទារឱ្យមាន «ដំណោះស្រាយកម្រិតអន្តរជាតិ» ដើម្បីដោះស្រាយវិបត្តិនេះ។

គួរបញ្ជាក់ថា ជម្លោះរាលដាលនៅមជ្ឈិមបូព៌ា មិនត្រឹមតែបណ្តាលឱ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែការទម្លាក់គ្រាប់បែក និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន ក៏បានបំពុលដី ទឹក និងបរិយាកាសក្នុងតំបន់យ៉ាងធ្ងន់ធ្ងរផងដែរ៕