លោក ហ្សេលេនស្គី សាទរជំនួបលើកដំបូងដ៏ល្អប្រសើរជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar

16-10-2026 20:10

(ព្រុចសែល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានអបអរសាទរចំពោះជំនួបលើកដំបូងរបស់លោកជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar នៅថ្ងៃសុក្រនេះថា «ល្អប្រសើរខ្លាំងណាស់» ខណៈទីក្រុងកៀវ និងទីក្រុងប៊ុយដាប៉ែស កំពុងស្វែងរកការផ្សះផ្សាទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានភាពល្អក់កករអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែល ក្រោយជំនួបពិភាក្សានៅក្រៅកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) លោក ហ្សេលេនស្គី បានបញ្ជាក់ថា ភាគីទាំងពីរបានជជែកគ្នាលើបញ្ហាជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងភស្តុភារកម្ម ដែលសុទ្ធសឹងជាកិច្ចការសំខាន់រវាងប្រទេសទាំងពីរ។ លោកបានបន្ថែមនៅលើបណ្តាញសង្គម X ថាលោក និងលោក Magyar បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសហការរួមគ្នានៅគ្រប់កម្រិត ព្រមទាំងរៀបចំការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកនាពេលខាងមុខ។

ជំនួបជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋសភាអ៊ុយក្រែន បានអនុម័តច្បាប់ដោះស្រាយក្តីកង្វល់ដ៏យូរអង្វែងរបស់ហុងគ្រី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិភាគតិចហុងគ្រីដែលរស់នៅភាគខាងលិចអ៊ុយក្រែន។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Magyar បានចាត់ទុកវិធានការនេះថាជា «ជំហានដំបូងឆ្ពោះទៅរកការស្ដារទំនុកចិត្តគ្នាទៅវិញទៅមក» ហើយហុងគ្រីបានយល់ព្រមឱ្យសហភាពអឺរ៉ុបបើកកិច្ចចរចាលើជំពូកថ្មីៗបន្ថែមទៀត ជុំវិញដំណើរការសុំចូលជាសមាជិក EU របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ចាប់តាំងពីលោក Peter Magyar ដែលជាមេដឹកនាំអភិរក្សនិយមគាំទ្រ EU បានឡើងកាន់អំណាចកាលពីខែឧសភាកន្លងទៅ ប្រទេសទាំងពីរបានខិតខំផ្សះផ្សាទំនាក់ទំនងការទូតដែលធ្លាប់តែតានតឹងខ្លាំង ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Viktor Orban ដែលស្និទ្ធនឹងវិមានក្រឹមឡាំង។ ក្នុងជំនួបនោះ លោក Magyar ក៏បានធានាអះអាងជូនលោក ហ្សេលេនស្គី នូវសាមគ្គីភាពយ៉ាងពេញទំហឹងរបស់ហុងគ្រី ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនផងដែរ៕