FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ

16-10-2026 18:48

(ញូដេលី)៖ អគ្គនាយិកាអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) នៃអង្គការសហប្រជាជាតិ លោកស្រី Amy Pope បានលើកឡើងនៅថ្ងៃសុក្រនេះថា បញ្ហាប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់មុខរបរ និងការរស់នៅរបស់ប្រជាជននៅអាស៊ីខាងត្បូង ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា និងវិធានការឆ្លើយតបរបស់រដ្ឋាភិបាល អាចជួយកាត់បន្ថយផលប៉ះពាល់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីញូដេលី លោកស្រី Amy Pope បានបញ្ជាក់ថា ការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងបំផ្លាញដីស្រែចម្ការ និងផ្ទះសម្បែង។ តាមការព្យាកររបស់ IOM ក្នុងករណីធ្ងន់ធ្ងរបំផុត ពលរដ្ឋរហូតដល់ ៤០.៥ លាននាក់នៅអាស៊ីខាងត្បូង អាចនឹងត្រូវផ្លាស់ប្តូរទីលំនៅត្រឹមឆ្នាំ២០៥០ នៅពេលដែលពួកគេមិនអាចដាំដុះដំណាំ ឬចិញ្ចឹមសត្វបានតទៅទៀត។ លោកស្រីបានបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធទស្សន៍ទាយដោយបច្ចេកវិទ្យា AI អាចជួយរដ្ឋាភិបាលកំណត់មុខសញ្ញាសហគមន៍ដែលប្រឈមគ្រោះថ្នាក់ខ្ពស់បានទាន់ពេល ដើម្បីចាត់វិធានការការពារជាមុន ដូចជាការបណ្តុះបណ្តាលមុខរបរថ្មី ឬការរៀបចំកន្លែងរស់នៅប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា អាស៊ីខាងត្បូងជាតំបន់ដែលងាយរងគ្រោះខ្លាំង ដោយសារមានចំនួនប្រជាជនច្រើន ប៉ុន្តែធនធានហិរញ្ញវត្ថុសម្រាប់ទប់ទល់នៅមានកម្រិត។ អគ្គនាយិកា IOM បានជំរុញឱ្យសហគមន៍អន្តរជាតិបង្កើនថវិកាគាំទ្រ និងលើកកម្ពស់ផ្លូវចំណាកស្រុកស្របច្បាប់ ដើម្បីជួយពលរដ្ឋស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយសុវត្ថិភាព និងចៀសផុតពីការកេងប្រវ័ញ្ច៕