បញ្ញវន្តកម្ពុជា៖ គំនិតផ្តួចផ្តើមសកលទាំងបួនបង្កើតជារូបមន្តថ្មីសម្រាប់ការរួមរស់ជាមួយគ្នានៃពិភពលោក
16-10-2026 17:36
(ប៉េកាំង)៖ ថ្មីៗនេះ កាសែតខ្មែរថាមស៍នៃកម្ពុជាបានចុះផ្សាយអត្ថបទរបស់លោក នាក់ ច័ន្ទដារិទ្ធិ នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយចង្អុលបង្ហាញថា សណ្តាប់ធ្នាប់អន្តរជាតិក្នុងសហសម័យ កំពុងឆ្លងកាត់ការកែសម្រួលរចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ប្រទេសចិនបាននិងកំពុងអនុវត្តជាលំដាប់លំដោយ នូវគោលគំនិតរបស់ លោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ តាមរយៈការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលទាំងបួន។
អត្ថបទនេះបានលើកឡើងថា សណ្តាប់ធ្នាប់ឯកប៉ូលក្រោយសង្គ្រាមត្រជាក់កំពុងបើកផ្លូវឱ្យពិភពលោកពហុប៉ូល ដែលមានលក្ខណៈពិសេសមួយចំនួន ដូចជាមានតួអង្គចម្រុះ រូបមន្តទំនើបកម្មចម្រុះ មជ្ឈមណ្ឌលអំណាចត្រួតស៊ីគ្នា និងបញ្ហាប្រឈមឆ្លងដែនមានភាពស្មុគស្មាញ។ ប្រទេសសកលខាងត្បូង មានកំណើនទាំងចំនួនប្រជាជន និងត្រូវបានលើកកម្ពស់ ទាំងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយ ខណៈពេលដែលឱនភាពទំនុកចិត្តនៅក្នុងសហគមន៍អន្តរជាតិបានរីកធំ ហើយភាពប្រះស្រាំខាងសេដ្ឋកិច្ច បានកើនឡើង និងជម្លោះភូមិសាស្ត្រនយោបាយឡើងកម្តៅ។ និយាយចំពោះ ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ការដោះស្រាយទំនាស់ទាំងនេះ ឱ្យបានត្រឹមត្រូវគឺទាក់ទងផ្ទាល់ទៅនឹងស្ថិរភាពជាតិ និងចក្ខុវិស័យនៃការអភិវឌ្ឍ។
អត្ថបទនេះចង្អុលបង្ហាញថា គំនិតផ្តួចផ្តើមសកលទាំងបួនបានផ្តោតសំខាន់លើចំណុចរៀងៗខ្លួន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច, គំនិតផ្តួចផ្តើមសន្តិសុខសកលផ្តោតលើការរក្សាសន្តិភាព និងស្ថិរភាព, គំនិតផ្តួចផ្តើមអរិយធម៌សកលផ្តោតលើការបង្កើនទំនុកចិត្តគ្នាខាងអរិយធម៌ទៅវិញទៅមក ឯគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលផ្តោតលើ ការលើកកម្ពស់កំណែទម្រង់យន្តការអន្តរជាតិ។ សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមទាំងនេះបន្ស៊ីគ្នានឹងគោលនយោបាយសន្តិសុខ និងការអភិវឌ្ឍជាអាទិភាព។ នៅក្នុងបរិបទនៃអាស៊ីអាគ្នេយ៍ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល បានទទួលបានការគំទ្រយ៉ាងទូលំទូលាយ។
អត្ថបទនេះបានយកគំនិតផ្តួចផ្តើមសន្តិសុខសកលជាឧទាហរណ៍ដោយបង្ហាញថា មិនដូចនយោបាយអន្តរាគមន៍បែបប្រពៃណី ឬនយោបាយសម្ព័ន្ធភាពដែលបង្ខំប្រទេសនានាឱ្យជ្រើសរើសឈរនៅខាងណាមួយ គំនិតផ្តួចផ្តើមនេះលើកឡើងថា រាល់ប្រទេសនីមួយៗសុទ្ធតែមិនគួរស្វែងរកសន្តិសុខផ្ទាល់ខ្លួនដោយពលីសន្តិសុខរបស់ប្រទេសដទៃទៀតនោះទេ។ រូបមន្តនេះបានបង្ហាញរួចហើយ នូវតម្លៃជាក់ស្តែងរបស់ខ្លួនពោលគឺ ប្រទេសចិនបានធ្វើសកម្មភាពការទូត ដោយផ្អែកលើវិធីសាស្រ្តដោះស្រាយជម្លោះតាមរូបមន្ត ដោយផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការឯកភាពគ្នា ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ និងជួយរក្សាសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។
អត្ថបទនេះបានចង្អុលបង្ហាញបន្ថែមទៀតថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានផ្តល់នូវជម្រើសជាក់ស្តែង សម្រាប់អង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងបង្កើនភាពធន់នៃការអភិវឌ្ឍ។ គំនិតផ្តួចផ្តើមអរិយធម៌សកលបានទាត់ចោលមជ្ឈភាពនិយម របស់លោកខាងលិច និងការបែងចែកវណ្ណៈអរិយធម៌ ដោយផ្តួចផ្តើមឱ្យប្រទេសសនានាជ្រើសរើសផ្លូវ ឆ្ពោះទៅរកទំនើបកម្ម ដោយឯករាជ្យម្ចាស់ការ។ ហើយគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលប្រឈមមុខនឹងចំណុចខ្វះខាតនៃប្រព័ន្ធពហុភាគី ផ្តួចផ្តើមឱ្យមានការកែទម្រង់សំខាន់ៗ និងអំពាវនាវឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានសិទ្ធិបញ្ចេញមតិពិតប្រាកដ និងស្មើគ្នាក្នុងការតាក់តែងច្បាប់កំណត់៕
វិទ្យុមិត្តភាពកម្ពុជាចិន
