ក្រុមហេសបូឡា ទទួលស្គាល់ថា គ្រឿងផ្ទុះរាប់រយគីឡូក្រាមដែលអាជ្ញាធរលីបង់រឹបអូសបាន ជារបស់ខ្លួនសម្រាប់វាយប្រហារអ៊ីស្រាអែល (Video inside)
15-10-2026 22:24
(បេរ៉ូត)៖ សមាជិកសភាក្រុមហេសបូឡា (Hezbollah) លោក Hassan Fadlallah បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា គ្រឿងផ្ទុះរាប់រយគីឡូក្រាមដែលកម្លាំងសន្តិសុខលីបង់រឹបអូសបានកាលពីសប្តាហ៍មុន គឺជារបស់ក្រុមខ្លួន សម្រាប់យកទៅវាយប្រហារលើកងទ័ពអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។
កាលពីសប្តាហ៍មុន អាជ្ញាធរលីបង់បានស្ទាក់ចាប់រថយន្តដឹកគ្រឿងផ្ទុះមួយគ្រឿងនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងតំបន់ Bekaa និងឃាត់ខ្លួនមនុស្ស ២ នាក់។ លោក Fadlallah បានបញ្ជាក់នៅវិមានរដ្ឋសភាថា គ្រឿងផ្ទុះទាំងនោះគឺសម្រាប់បំពាក់លើដ្រូនវាយប្រហារកងទ័ពអ៊ីស្រាអែលដែលកំពុងកាន់កាប់ទឹកដីលីបង់ ហើយក្រុមហេសបូឡាបានទាមទារឱ្យសមត្ថកិច្ចប្រគល់សម្ភារទាំងនោះមកវិញ និងដោះលែងអ្នកជាប់ឃុំ។ ការទទួលស្គាល់នេះ បង្ហាញថាហេសបូឡានៅតែបន្តដឹកជញ្ជូនអាវុធក្នុងប្រទេស បើទោះបីជារដ្ឋាភិបាលបានហាមឃាត់សកម្មភាពយោធារបស់ក្រុមនេះតាំងពីខែមីនា ខណៈផ្លូវដឹកជញ្ជូនអាវុធឆ្លងកាត់ប្រទេសស៊ីរី ក៏ត្រូវបានកាត់ផ្តាច់តាំងពីរបបលោក Bashar al-Assad ដួលរលំកាលពីចុងឆ្នាំ២០២៤ មកម្ល៉េះ។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅឆ្នាំនេះ រដ្ឋាភិបាលក្រុងបេរ៉ូតបានប្តេជ្ញារំសាយអាវុធក្រុមហេសបូឡា ដើម្បីជាថ្នូរនឹងការដកកងទ័ពអ៊ីស្រាអែលចេញពីលីបង់ជាបណ្តើរៗ។ ប៉ុន្តែក្រុមហេសបូឡាបានបដិសេធមិនព្រមទម្លាក់អាវុធឡើយ ដរាបណាកងទ័ពអ៊ីស្រាអែលនៅតែបន្តឈរជើង និងវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់៕
