ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម (Video inside)
15-10-2026 16:11
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីប្រហែលជារវល់ជាងនាយករដ្ឋមន្រ្តីមុនៗ ដែលជាបុរស ដោយសារតែលោកស្រីចំណាយពេល ៣ ឬ ៤ម៉ោងដើម្បីធ្វើការងារផ្ទះទៀត បន្ថែមលើកាលវិភាគប្រចាំថ្ងៃរបស់លោកស្រី ដែលមានភាពមមាញឹកខ្លាំងស្រាប់ទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។
លោកស្រី Takaichi ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំមុន ឱ្យក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន បានថ្លែងប្រាប់រដ្ឋសភា យ៉ាងដូច្នេះថា «ពេលព្រឹក ខ្ញុំងូតទឹក រៀបចំអាហារពេលព្រឹក រួចលាងចាន ហើយមិនទាន់គិតដល់រឿងតុបតែងមុខផង។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងចំណាយពេលច្រើនជាងនាយករដ្ឋមន្ត្រីជាបុរសដល់ទៅ ៣ឬ ៤ម៉ោងឯណោះ ក្នុងការធ្វើកិច្ចការទាំងអស់»។
លោកស្រី Takaichi ដែលចាត់ទុកខ្លួនឯងជាមនុស្សញៀននឹងការងារ ក៏ធ្លាប់និយាយដែរថា លោកស្រីគេងត្រឹមតែ ២ ទៅ ៤ម៉ោងប៉ុណ្ណោះក្នុងមួយយប់ ហើយជួនកាលថែមទាំងកំណត់ពេលប្រជុំជាមួយបុគ្គលិកនៅម៉ោង ៣ទៀបភ្លឺទៀតផង។
គួរបញ្ជាក់ថា តួនាទីស្រ្តី នៅក្នុងប្រទេសជប៉ុនមានលក្ខណៈតឹងរ៉ឹង ហើយស្ត្រីមានតំណាងតិចតួចខ្លាំងនៅក្នុងវិស័យនយោបាយ ដោយនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ទាប កាលពីខែកុម្ភៈកន្លងទៅនេះ មានស្ត្រីត្រឹមតែ ៦៨នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស ក្នុងចំណោមអាសនៈសរុបចំនួន ៤៦៥៕
