បាក់ដំបូលសាលារៀនក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យកូនសិស្សនិងគ្រូ ចំនួន២៨នាក់ស្លាប់ (Video inside)
15-10-2026 15:43
(អ៉ីស្លាម៉ាបាដ)៖ សិស្សយ៉ាងហោចណាស់ ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ រួមជាមួយគ្រូបង្រៀនម្នាក់បានស្លាប់ បន្ទាប់ពីដំបូលសាលារៀនបានបាក់ស្រុតអំឡុងម៉ោងរៀន នៅទីក្រុង Peshawar ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរ បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ លោក Iftikhar Khan មន្ត្រីទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់ស្រុក បាននិយាយថា «យើងបានជួយសង្គ្រោះកុមារយ៉ាងហោចណាស់ ៤៥នាក់» ដោយបន្ថែមថា មានសេចក្តីរាយការណ៍ថា នៅមានកុមារមួយចំនួនទៀតកំពុងជាប់ក្រោមគំនរបាក់បែក។
រូបភាពតាមទូរទស្សន៍បង្ហាញឱ្យឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើន ឆ្ពោះទៅកាន់ទីតាំងនៃសាលា Al-Khair Education Center ដែលជាសាលាឯកជនមួយនៅប៉ាគីស្ថាន ខណៈក្រុមអ្នកជួយសង្គ្រោះ ព្យាយាមទាញកូនសិស្សចេញពីគំនរបាក់បែក។ មនុស្ស ២០នាក់បានរងរបួស។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃមន្ទីរពេទ្យ។
បើតាមមន្ត្រីជួយសង្គ្រោះ ពិដានបានធ្លាក់មកលើសិស្ស បន្ទាប់ពីដំបូលនៃជាន់ខាងលើបាក់ស្រុត ដែលធ្វើឱ្យអគារពីរជាន់បាក់គរលើគ្នា។ អាជ្ញាធរបានឱ្យដឹងថា ការស៉ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់រកមូលហេតុ។ លោក Mian Saeed មេប៉ូលិសក្រុង Peshawar បានឱ្យដឹងថា ក្នុងចំណោមសិស្សចំនួន ១១០នាក់ ដែលស្ថិតនៅក្នុងថ្នាក់រៀនចំនួន ៣ ពេលកំពុងកើតហេតុនោះ មានសិស្សត្រឹមតែ ៤៧នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះ៕

