នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ ប្រាប់ព្រះអង្គម្ចាស់ bin Salman ថាទឹកដីអ៉ីរ៉ាក់នឹងមិនត្រូវបានប្រើដើម្បីវាយប្រហារលើអារ៉ាប៊ីសាអូឌីតនោះទេ (Video inside)
15-10-2026 10:33
(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Ali Faleh al-Zaidi បានធានាចំពោះព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ថាលោកនឹងមិនអនុញ្ញាតឱ្យទឹកដីអ៉ីរ៉ាក់ត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ាក់ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។
លោក Ali Faleh al-Zaidi បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ កាលពីថ្ងៃពុធ សម្រាប់ការបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអ៉ីរ៉ាក់កាលពីឧសភាកន្លងទៅ។ លោក al-Zaidi បាននិយាយថាលោកក៏នឹងមិនអនុញ្ញាតឱ្យទឹកដីអ៉ីរ៉ាក់ត្រូវបានប្រើដើម្បីបើកការវាយប្រហារលើបណ្ដាប្រទេសដទៃក្នុងតំបន់ ផងដែរ។
គួរបញ្ជាក់ថា បំពង់បង្ហូរប្រេង East-West របស់អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារដោយដ្រូនកាលពីខែកញ្ញា។ ការវាយប្រហារនោះបានបង្ខំឱ្យអារ៉ាប៊ីសាអូឌីតបិទបំពង់បង្ហូរប្រេងនេះជាបណ្ដោះអាសន្ន។ តាមអារ៉ាប៊ីសាអូឌីត ការវាយប្រហារដ្រូនលើបំពង់បង្ហូរប្រេងរបស់ខ្លួនមានប្រភពចេញពីអ៉ីរ៉ាក់ ហើយអាជ្ញាធរអ៉ីរ៉ាក់បានបើកការស៊ើបអង្កេតមួយ និងបានសន្និដ្ឋានថាការវាយប្រហារដ្រូននោះពិតជាធ្វើឡើងចេញពីទឹកដីអ៉ីរ៉ាក់។ មិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវទេ តែនៅអ៉ីរ៉ាក់មានចលនាប្រដាប់អាវុធជាច្រើនទទួលបានការទំនុកបម្រុងពីអ៉ីរ៉ង់៕


