កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូស ២ប្រភេទ ចេញពីនាវាមុជទឹក (Video inside)
15-10-2026 08:58
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ថាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ២ប្រភេទចេញពីនាវាមុជទឹកមួយគ្រឿង ប៉ុន្មានសប្ដាហ៍ក្រោយផ្ទុះភាពតានតឹងជាមួយកូរ៉េខាងត្បូងជុំវិញឧបទ្ទវហេតុផ្ទុះគ្រាប់មីននៅតំបន់ព្រំដែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាម KCNA មីស៊ីលគ្រូសទាំង២ប្រភេទខាងលើត្រូវបានបាញ់សាកល្បងចូលទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន កាលពីថ្ងៃពុធម្សិលមិញ ដោយមិនបានបង្កផលប៉ះពាល់ណាមួយដល់សន្តិសុខនៃប្រទេសជិតខាងនោះទេ។ ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលមានភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីមានហេតុការណ៍ផ្ទុះគ្រាប់មីន កាលពីខែកញ្ញាកន្លងទៅនៅឯប៉ែកគ្រប់គ្រងដោយកូរ៉េខាងត្បូងនៃតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ ដោយបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់រងរបួស។
ចាប់តាំងពីហេតុការណ៍ផ្ទុះគ្រាប់មីននេះកើតឡើង កូរ៉េទាំង២បានធ្វើតេស្តលើការធ្វើបច្ចុប្បន្នភាពមីស៊ីលរៀងៗខ្លួន។ កូរ៉េខាងជើងធ្លាប់បានធ្វើតេស្ដបាញ់មីស៊ីលជាច្រើនលើកចេញពីនាវាមុជទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មីស៊ីលគ្រូសដែលបំពាក់បច្ចេកវិទ្យាម៉ាស៊ីនយន្ដហោះមានសមត្ថភាពហោះនៅរយៈកម្ពស់ទាបជាងមីស៊ីលបាលិស្ទីគដែលនេះធ្វើឱ្យប្រព័ន្ធការពារដែនអាកាសពិបាកក្នុងការចាប់សញ្ញា និងបាញ់កម្ទេច៕

