FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ូទី ប្តេជ្ញាបន្តវាយប្រហារព្រលានយន្តហោះ និងទីតាំងប្រេងនៅអារ៉ាប៊ីសាអូឌីត ក្រោយវាយប្រហារចំទីស្នាក់ការក្រុមហ៊ុន Aramco

14-10-2026 22:27

(រីយ៉ាដ)៖ ក្រុមប្រដាប់អាវុធហ៊ូទី (Houthi) នៅយេម៉ែន បានប្តេជ្ញានៅថ្ងៃពុធថានឹងបន្តវាយប្រហារលើព្រលានយន្តហោះ និងទីតាំងប្រេងនានារបស់អារ៉ាប៊ីសាអូឌីត មួយថ្ងៃបន្ទាប់ពីបានបើកការវាយប្រហារបង្កការខូចខាតយ៉ាងដំណំដល់ទីស្នាក់ការកណ្តាលក្រុមហ៊ុនប្រេងយក្ស Saudi Aramco ក្នុងទីក្រុង Dhahran។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

ប្រភពដឹងរឿងបានប្រាប់ Reuters ថា ការវាយប្រហារកាលពីយប់ថ្ងៃអង្គារលើមូលដ្ឋានក្រុមហ៊ុន Aramco បានបង្កជាអគ្គិភ័យឆាបឆេះអគារជាច្រើនជាន់ រហូតបុគ្គលិកត្រូវប្តូរមកធ្វើការពីផ្ទះ។ ក្រុមហ៊ូទីបានអះអាងថា ខ្លួនបានបាញ់មីស៊ីល និងដ្រូនសំដៅទីតាំងក្រុមហ៊ុន Aramco ព្រលានយន្តហោះរីយ៉ាដ និងរោងចក្រចម្រាញ់ប្រេងក្នុងរដ្ឋធានី ព្រមទាំងបានព្រមានឱ្យជនស៊ីវិល និងកម្មករ ជម្លៀសខ្លួនចេញពីព្រលានយន្តហោះ និងទីតាំងប្រេងទាំងអស់ ខណៈសម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រកាសបាញ់ស្ទាក់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៀតដែលបាញ់សំដៅរដ្ឋធានីរីយ៉ាដ កាលពីថ្ងៃពុធ។ គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិរីយ៉ាដ បានរងការវាយប្រហារ ៤ លើកហើយ រួមទាំងការវាយប្រហារកាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស ១៣ នាក់ ធ្វើឱ្យអាជ្ញាធរសម្រេចបិទព្រលានយន្តហោះនេះរហូតដល់ថ្ងៃទី១៧ ខែតុលា។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានបើកប្រតិបត្តិការយោធាឡើងវិញនៅយេម៉ែន ដើម្បីជួយកងទ័ពរដ្ឋាភិបាលវាយបកលើក្រុមហ៊ូទី ដែលបានវាយដណ្តើមកាន់កាប់តំបន់ឆ្នេរសមុទ្រក្រហមរហូតដល់ច្រកសមុទ្រ Bab el-Mandeb កាលពីខែមុន។ ស្របពេលការប្រយុទ្ធគ្នាកាន់តែខ្លាំង កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា ជំនួយសង្គ្រោះត្រូវបានកាត់ផ្តាច់ទាំងស្រុងទៅកាន់ទីក្រុង Taiz ដែលកំពុងត្រូវក្រុមហ៊ូទីឡោមព័ទ្ធ ធ្វើឱ្យពលរដ្ឋជាង ៦០០,០០០ នាក់ មិនអាចទទួលបានជំនួយមនុស្សធម៌ឡើយ៕