FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អារ៉ាប៊ីសាអូឌីត ថាការវាយប្រហារដោយក្រុមហ៊ូទី បង្កអគ្គិភ័យនៅក្រុមហ៊ុនប្រេង Aramco របួសមនុស្ស ៤នាក់ក្នុងទីក្រុងរីយ៉ាដ

14-10-2026 16:19

(រីយ៉ាដ)៖ នៅថ្ងៃពុធ ទី១៤ ខែតុលានេះ អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាការវាយប្រហារលើអគារមួយរបស់ក្រុមហ៊ុនប្រេង Aramco ដែលស្ថិតនៅភាគខាងកើតប្រទេស បានបង្កជាអគ្គិភ័យកម្រិតស្រាល ហើយបំណែកនៃមីស៉ីលរបស់ក្រុមហ៊ូទី បានបណ្តាលឱ្យមនុស្ស ៤នាក់រងរបួសនៅក្នុងរដ្ឋធានីរីយ៉ាដ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

មន្ត្រីម្នាក់នៃក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា អគាររដ្ឋបាលក្រុមហ៊ុន Aramco ក្នុងទីក្រុង Dhahran បានរងការវាយប្រហារកាលពីថ្ងៃអង្គារ ប៉ុន្តែគ្មានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ។ តាមទីភ្នាក់ងារការពារជនស៉ីវិល មនុស្ស ៤នាក់បានរងរបួសដោយសារតែបំណែកនៃមីស៉ីលគ្រូសចំនួន ២គ្រាប់របស់ក្រុមហ៊ូទីដែលត្រូវបានស្ទាក់ចាប់ នៅក្នុងរដ្ឋធានីរីយ៉ាដ។ ផ្ទះចំនួន ១៥ខ្នងក៏បានរងការខូចខាតផងដែរ។

ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើអាកាយានដ្ឋាន និងទីតាំងថាមពលរបស់អារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះ។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចេញបញ្ជាជម្លៀសខ្លួនពលរដ្ឋជាលើកដំបូង នៅក្នុងរដ្ឋធានី Sanaa របស់យេម៉ែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងវិញក្នុងខែកក្កដា មុនពេលធ្វើការវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុនប្រេងយេម៉ែន (Yemen Petroleum Company) នៅតំបន់ជាយក្រុង Sanaa៕