FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់ យល់ព្រមទិញឧស្ម័ន ៣០ភាគរយពីគម្រោងបំពង់បង្ហូរឧស្ម័ន Alaska របស់សហរដ្ឋអាមេរិក

14-10-2026 16:18

(Alaska)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងការជួបជុំមួយនៅឯរដ្ឋ Alaska កាលពីថ្ងៃអង្គារសប្តាហ៍នេះថា តៃវ៉ាន់យល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០ភាគរយពីគម្រោងបំពង់បង្ហូរឧស្ម័នមួយនៅក្នុងរដ្ឋនោះ ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័តមាន Reuters នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ដែលបានចូលរួមកម្មវិធីជួបជុំក្រុមសមាជិកសភាគណបក្សសាធារណរដ្ឋ បានថ្លែងថា តៃវ៉ាន់ប្តេជ្ញាវិនិយោគទឹកប្រាក់ ៤,៤ពាន់លានដុល្លារលើការអភិវឌ្ឍបំពង់បង្ហូរប្រេង និងឧស្ម័ន។

មន្ត្រីតៃវ៉ាន់ បានប្រកាសកាលពីខែកុម្ភៈ ថានឹងបង្កើនការទិញឧស្ម័ន LNG ពីសហរដ្ឋអាមេរិក ដើម្បីឱ្យមានកម្រិតប្រហែល ១ភាគ ៣ នៃការផ្គត់ផ្គង់ដែលតៃវ៉ាន់បាននាំចូលក្នុងឆ្នាំនេះ ព្រមទាំងកាត់បន្ថយការទិញពីប្រទេសផ្សេងទៀត។ ក្រុមហ៊ុនថាមពលរដ្ឋ CPC Corp របស់កោះតៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Alaska Gasline Development Corp កាលពីឆ្នាំមុន ដើម្បីទិញឧស្ម័ន LNG និងវិនិយោគលើគម្រោងបំពង់បង្ហូរឧស្ម័ន។ កាលនោះ អភិបាលរដ្ឋ Alaska បានឱ្យដឹងថា តៃវ៉ាន់មានបំណងទិញឧស្ម័ន LNG ៦លានតោនក្នុងមួយឆ្នាំពីគម្រោងនេះ។

នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់លោក ត្រាំ លោក Cho Jung-tai នាយករដ្ឋមន្ត្រីតៃវ៉ាន់ បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាល គឺធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព និងភាពធន់ ដូចទៅនឹងរដ្ឋាភិបាលនានានៅជុំវិញពិភពលោកដែរ៕