FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការតវ៉ាផ្ទុះឡើងក្នុងប្រទេសអាល់បានី ជុំវិញវិស័យអប់រំ និងការងារ ឈានដល់ការប៉ះទង្គិចគ្នាជាមួយប៉ូលិស (Video inside)

14-10-2026 11:29

(ទីរ៉ាណា)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមនិស្សិតដែលនាំគ្នាធ្វើបាតុកម្ម បានគប់ដុំឥដ្ឋ និងដុំបេតុងទៅលើអគារក្រសួងអប់រំអាល់បានី ក្នុងទីក្រុង Tirana ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែក ខណៈដែលការតវ៉ាទូទាំងប្រទេសជុំវិញបញ្ហាអប់រំ និងសង្គមប្រែទៅជាហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤​ ខែតុលា ឆ្នាំ២០២៦។

ប៉ូលិសបានឃាត់ខ្លួនអ្នកតវ៉ាមួយចំនួន។ ក្រុមនិស្សិតជាអ្នករៀបចំលើកឡើងថា ការតវ៉ាគឺពាក់ព័ន្ធលក្ខខណ្ឌនានានៅតាមសាកលវិទ្យាល័យ ថ្លៃចំណាយខ្ពស់សម្រាប់ថ្នាក់ឧត្តមសិក្សា ជំនួយផ្នែកហិរញ្ញវត្ថុ និងឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា។ អ្នកតវ៉ាមួយចំនួនបានបន្ថែមថា ពួកគេចង់បង្ហាញការមិនពេញចិត្តចំពោះបញ្ហាវិសមភាព និងទៅកាន់រដ្ឋាភិបាល។

លោកស្រី Albana Koçiu ឧបនាយករដ្ឋមន្ត្រីនៃប្រទេសអាល់បានី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «អំពើហិង្សាមិនមែនជាដំណោះស្រាយទេ ហើយក៏នឹងមិនក្លាយជាដំណោះស្រាយដែរ។ ការគប់ដុំថ្ម វាយប្រហារលើស្ថាប័នរដ្ឋ និងប៉ូលិស ក៏ដូចជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយគ្មានហេតុផលសមស្របនោះ មិនមែនជាវិធីដែលយុវជនគួរប្រើដើម្បីបញ្ចេញមតិ ឬបង្ហាញពីខ្លួនឯងឡើយ»។

ការតវ៉ានៅអាល់បានី កើតឡើងស្របពេលដែលនៅបារាំង ក៏មានសិស្សវិទ្យាល័យធ្វើការតវ៉ា និងបិទផ្លូវចូលសាលារៀនអស់រយៈពេលច្រើនសប្តាហ៍មកហើយដែរ ដើម្បីទាមទារឱ្យមានការបន្ថែមចំនួនគ្រូបង្រៀន កែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាឱ្យកាន់តែប្រសើរ៕