ចិន-កូរ៉េខាងជើង នឹងសម្ពោធស្ពានឆ្លងទន្លេ នៅថ្ងៃទី១៥ ខែតុលា (Video inside)
14-10-2026 10:55
(ប៉េកាំង)៖ ស្ពានឆ្លងទន្លេ Yalu តភ្ជាប់រវាងកូរ៉េខាងជើង និងចិន នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
Xinhua នៅថ្ងៃពុធ ទី១៤ ខែតុលា បានឱ្យដឹងថាភាគីទាំង២ នឹងរៀបចំពិធីបើកសម្ពោធរួមគ្នា។ ចិនបានបញ្ចប់ការសាងសង់ផ្នែកម្ខាងរបស់ខ្លួននៃស្ពានខាងលើកាលពីឆ្នាំ២០១៤ ដោយសង្ឃឹមថានឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម បើទោះជាកូរ៉េខាងជើងមិនទាន់បញ្ចប់ការសាងសង់ផ្លូវតភ្ជាប់ទៅនឹងស្ពាន និងហេដ្ឋារចនាសម្ព័ន្ធគយរបស់ខ្លួនក៏ដោយ ដោយសារតែភាពរកាំរកូស ក្នុងទំនាក់ទំនងជុំវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងការដាក់ទណ្ឌកម្មរបស់ UN។
ការបើកសម្ពោធស្ពានឆ្លងទន្លេ Yalu គឺជាសញ្ញាមួយបង្ហាញពីរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីរវាងប៉េកាំង និងព្យុងយ៉ាង ប៉ុន្មានសប្ដាហ៍បន្ទាប់ពីកូរ៉េខាងជើងបានបើកសម្ពោធស្ពានថ្មីមួយជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា ការនាំចេញទំនិញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងដល់ ២,៣ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ ពោលគឺកើនឡើង ២៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ តែកំណើននេះនៅតែទាបជាងកម្រិតនៅមុនពេលទណ្ឌកម្ម UN ត្រូវបានអនុវត្តលើកូរ៉េខាងជើងកាលពីឆ្នាំ២០១៧៕

