អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់ (Video inside)
13-10-2026 22:02
(ប្រាហ្សាវីល)៖ តួលេខរដ្ឋាភិបាលនៅថ្ងៃអង្គារ បានបង្ហាញថា អ្នកឆ្លងជំងឺអេបូឡា (Ebola) ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើស ៩,០០០ នាក់ហើយ ខណៈក្រុមឆ្លើយតបបន្ទាន់កំពុងជួបការលំបាកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៅតាមតំបន់ផ្ទុះជំងឺជាច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
របាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានសុខភាពសាធារណៈកុងហ្គោ បញ្ជាក់ថា ចំនួនអ្នកឆ្លងសរុបបានកើនដល់ ៩,០៦៦ នាក់ និងស្លាប់ ៤,៣៨១ នាក់។ រលកឆ្លងដែលបង្កឡើងដោយវីរុសអេបូឡាប្រភេទ Bundibugyo នេះ បានផ្ទុះឡើងកាលពីខែឧសភា ហើយបានក្លាយជាការរាតត្បាតធំបំផុត និងសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកុងហ្គោ ដោយវ៉ាដាច់ការរាតត្បាតកាលពីឆ្នាំ២០១៨-២០២០ ខណៈវីរុសប្រភេទនេះ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលផ្លូវការនៅឡើយទេ។
បើតាមអង្គការសុខភាពពិភពលោក (WHO) នេះជាការរាតត្បាតអេបូឡាធំទីពីរក្នុងប្រវត្តិសាស្ត្រពិភពលោក បន្ទាប់ពីរលកឆ្លងនៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ២០១៤-២០១៦ ដែលបានឆ្លងមនុស្សជាង ២៨,៦០០ នាក់ និងសម្លាប់ជាង ១១,០០០ នាក់ នៅហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន។
ជំងឺនេះក៏បានឆ្លងរាលដាលដល់ប្រទេសជិតខាងផងដែរ ដោយអ៊ូហ្គង់ដាធ្លាប់រកឃើញអ្នកឆ្លង ២០ នាក់ និងស្លាប់ ២ នាក់កាលពីដើមឆ្នាំ មុនពេលប្រកាសទប់ស្កាត់បានជោគជ័យកាលពីខែសីហា ខណៈកាលពីសប្តាហ៍មុន កេនយ៉ាបានរកឃើញករណីឆ្លងនាំចូលដំបូងគេលើបុរសម្នាក់ ដែលបានធ្វើដំណើរមកពីកុងហ្គោ និងបានស្លាប់ក្នុងរដ្ឋធានីណៃរ៉ូប៊ី៕
