លោក ត្រាំ ថាលោកមិនជឿទេថាចិន និងរុស្ស៉ី ជួយអ៉ីរ៉ង់ (Video inside)
13-10-2026 14:40
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថាលោកមិនជឿទេថាចិន និងរុស្ស៉ីកំពុងជួយដល់អ៉ីរ៉ង់ ដោយបន្ថែមថា មូស្គូ និងប៉េកាំងនឹងត្រូវខាតបង់ធ្ងន់ធ្ងរ ប្រសិនបើពួកគេគាំទ្រតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦។
លោក ត្រាំ បានលើកឡើងបែបនេះនៅលើបណ្តាញសង្គម Truth Social បន្ទាប់ពីលោកឃើញមានមតិយោបល់ពីក្រុមអ្នករិះគន់ និងគូប្រជែងរបស់លោក និយាយថាចិន និងរុស្ស៉ីកំពុងជួយដល់អ៉ីរ៉ង់។ «បើពួកគេធ្វើ គឺក្នុងកម្រិតទាបបំផុត ប៉ុន្តែខ្ញុំមិនជឿទាល់តែសោះ។ ពួកគេនឹងត្រូវខាតបង់ច្រើន ហើយយើងអាចដឹងបានលឿនណាស់»។ នេះគឺជាសាររបស់លោក ត្រាំ បង្ហោះលើ Truth Social។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងដោះស្រាយសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលមិនទាន់រកទីបញ្ចប់ឃើញ ក្រោយរួមដៃជាមួយអ៉ីស្រាអែលបំផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រុស្ស៉ីធ្លាប់លើកឡើងថា សង្គ្រាមជាមួយអ៉ីរ៉ង់អាចនាំឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ចំណែកទីក្រុងប៉េកាំងវិញ បានថ្កោលទោសការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោន ថាជាការរំលោភបំពានធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់អ៉ីរ៉ង់៕


