FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UNICEF បន្តលើកឡើងពីស្ថានភាព និងផលប៉ះពាល់ជាសកល ពាក់ព័ន្ធក្មេងស្រីរៀបការមុនអាយុ

12-10-2026 14:59

(យូអិន)៖ នៅក្នុងរបាយការណ៍ស្ដីពីទិវាអន្តរជាតិនៃកុមារីឆ្នាំ ២០២៦ របស់អង្គការ UNICEF បានឱ្យដឹងថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី ៥នាក់ទូទាំងពិភពលោក បានរៀបការមុនអាយុ ១៨ឆ្នាំ ដែលមានន័យថា ស្ត្រី និងក្មេងស្រីប្រមាណ ៦៥០លាននាក់សព្វថ្ងៃនេះ ធ្លាប់បានរៀបការតាំងពីនៅក្មេង។ នេះបេីយោងតាមទិន្នន័យពីគេហទំព័រផ្លូវការរបស់ UNICEF។

ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិមួយនេះ ក៏បានឱ្យដឹងផងដែរថា ក្មេងស្រីអាយុពី ១៥ឆ្នាំ ទៅ ១៩ឆ្នាំដែលធ្លាប់រៀបការ ឬមានដៃគូ ស្ទើរតែម្នាក់ក្នុងចំណោម ៤នាក់ បានជួបប្រទះអំពើហិង្សាពីដៃគូស្និទ្ធស្នាលនៅវេលាណាមួយក្នុងជីវិតរបស់ពួកគេ។ ទន្ទឹមនេះ វិបត្តិ ជម្លោះ និងការបង្ខំឱ្យផ្លាស់ទីលំនៅ បន្តបង្កើនហានិភ័យនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ អំពើហិង្សាផ្លូវភេទ និងការស្លាប់របស់ម្តាយចំពោះក្មេងស្រី។

នៅក្នុងឱកាសទិវាអន្តរជាតិនៃកុមារីថ្ងៃទី១១ ខែតុលា អង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាថ្មីម្តងទៀតឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបញ្ចប់ការរៀបអាពាហ៍ពិពាហ៍កុមារ និងវិនិយោគលើសិទ្ធិរបស់ក្មេងស្រី។ UN បានគូសបញ្ជាក់ថា យើងអាចរួមគ្នាបញ្ចប់ការរៀបអាពាហ៍ពិពាហ៍កុមារ និងធានាថាក្មេងស្រីគ្រប់រូបមានសេរីភាពក្នុងការជ្រើសរើសអនាគតរបស់ខ្លួន ក៏ដូចជាមានឱកាសដើម្បីរីកចម្រើន និងទទួលបានជោគជ័យ៕