FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំតៃវ៉ាន់៖ ការបង្កើនការចំណាយលើវិស័យការពារជាតិ គឺដើម្បីទប់ស្កាត់សង្គ្រាម (Video inside)

10-10-2026 14:36

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ ថា តៃវ៉ាន់មានគោលបំណងទប់ស្កាត់សង្គ្រាម តាមរយៈការបង្កើនចំណាយលើវិស័យការពារជាតិ ខណៈដែលចិនកំពុងបន្តប្រើសម្ពាធយោធា ដើម្បីទាមទារអធិបតេយ្យភាពលើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានថ្លែងក្នុងសុន្ទរកថាអបអរទិវាបុណ្យជាតិតៃវ៉ាន់ យ៉ាងដូច្នេះថា «គោលបំណងរបស់យើង ក្នុងការបង្កើនការវិនិយោគលើវិស័យការពារជាតិ មិនមែនដើម្បីបង្កហេតុនោះទេ ផ្ទុយទៅវិញ គឺដើម្បីទប់ស្កាត់សង្គ្រាម»។ ប្រជាជនតៃវ៉ាន់ប្រមាណ ២៣លាននាក់ យល់ឃើញថា ពួកគេរស់នៅក្រោមការគំរាមកំហែងជាប្រចាំពីការវាយប្រហាររបស់ចិន ដែលប្រកាន់ជំហរយ៉ាងមុតមាំថា កោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានគំរាមប្រើកម្លាំងយោធា ដើម្បីនាំតៃវ៉ាន់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ រដ្ឋបាលតៃវ៉ាន់បន្តបន្ទាប់ បានបង្កើនចំណាយយោធា ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ក៏ដូចជាទប់ទល់លទ្ធភាពនៃការវាយប្រហារពីចិន ព្រមទាំងដើម្បីបង្ហាញឱ្យសហរដ្ឋអាមេរិកឃើញថា តៃវ៉ាន់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការការពារខ្លួន។ រដ្ឋាភិបាលរបស់លោក Lai បានគ្រោងថវិកាការពារជាតិ ក្នុងចំនួនដែលជាកំណត់ត្រាថ្មី គឺ១,១ទ្រីលានដុល្លារតៃវ៉ាន់ ស្មើនឹងប្រហែល ៣៤,៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៧ ដែលស្មើនឹងជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់។

យន្តហោះចម្បាំងរបស់តៃវ៉ាន់ និងឧទ្ធម្ភាគចក្រ Chinook ចំនួនពីរគ្រឿង ដែលដឹកទង់ជាតិតៃវ៉ាន់ធំៗ បានហោះពីលើរដ្ឋធានីតៃប៉ិ ខណៈមនុស្សរាប់ពាន់នាក់ រួមមានទាំងអ្នកការទូតបរទេស បានប្រមូលផ្តុំគ្នានៅការិយាល័យមេដឹកនាំតៃវ៉ាន់ ដើម្បីទស្សនាក្បួនព្យុហយាត្រាយោធា ការសម្តែងរបាំ និងស្តាប់សុន្ទរកថារបស់លោក Lai។

គួរបញ្ជាក់ថា ពិធីអបអរនៅថ្ងៃសៅរ៍នេះ គឺជាការរំឭកខួបលើកទី១១៥ នៃការផ្តួលរំលំរាជវង្សឈីងរបស់ចិន និងការបង្កើតសាធារណរដ្ឋចិន ក្រោយពេលនោះ។ ជម្លោះរវាងចិននិងតៃវ៉ាន់នាពេលបច្ចុប្បន្ន មានឫសគល់ចាប់តាំងពីសង្គ្រាមស៊ីវិលរវាងកងកម្លាំងជាតិនិយមរបស់លោក Chiang Kai-shek និងកងកម្លាំងកុម្មុយនីស្តរបស់លោក Mao Zedong។ លោក Chiang បានដកថយទៅកាន់កោះតៃវ៉ាន់ កាលពីក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីកងកម្លាំងរបស់លោក បានចាញ់សង្គ្រាម៕