ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៦ បានទៅលើចៅក្រមអាហ្វ្រិកខាងត្បូង លោកស្រី Navi Pillay
09-10-2026 16:34
(អូស្លូ)៖ គណៈកម្មាធិការណូបែលនៃប្រទេសន័រវេស នាថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ បានប្រកាសថា ចៅក្រមជនជាតិអាហ្វ្រិកខាងត្បូង លោកស្រី Navi Pillay គឺជាអ្នកដែលឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៦ «សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការលើកកម្ពស់សន្តិភាព និងច្បាប់អន្តរជាតិ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គណៈកម្មាធិការ បានលើកឡើងថា លោកស្រី Pillay បានប្រកាន់និន្នាការដ៏ជាប់លាប់មួយ តាំងពីដើមមក គឺតាំងការងារដំបូងៗរបស់លោកស្រី ក្នុងការការពារលោក Nelson Mandela ក៏ដូចជាបុគ្គលដទៃដែលបានប្រឹងប្រែងតស៊ូប្រឆាំងនឹង របបបែងចែកពូជសាសន៍ ឬ អាប៉ាថេត (Apartheid) រហូតដល់ការបំពេញតួនាទីក្នុងនាមជាចៅក្រម ក្នុងសំណុំរឿងសំខាន់ៗមួយចំនួន នៅតុលាការអន្តរជាតិ នាពេលបច្ចុប្បន្ន។
ពានរង្វាន់សន្តិភាពនេះ គឺជាពានរង្វាន់ណូបែលទី៥ ដែលត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីពានរង្វាន់ផ្នែកអក្សរសាស្ត្រ គីមីវិទ្យា រូបវិទ្យា និងវេជ្ជសាស្ត្រ។ កាលពីឆ្នាំ២០២៥ ពានរង្វាន់ណូបែលសន្តិភាព បានទៅលើមេដឹកនាំបក្សប្រឆាំងនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado។
គួរបញ្ជាក់ថា ពានរង្វាន់ណូបែលសន្តិភាព ដែលមានទឹកប្រាក់១២លានក្រូណាស៊ុយអែត ឬស្មើនឹងប្រហែល ១,២លានដុល្លារអាមេរិក នឹងត្រូវប្រគល់ជូនម្ចាស់ជ័យលាភី នៅទីក្រុងអូស្លូ នាថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃខួបមរណភាពរបស់ឧស្សាហករជនជាតិស៊ុយអែត លោក Alfred Nobel។ លោកគឺជាអ្នកដែលបានបង្កើតពានរង្វាន់ណូបែល នៅក្នុងបណ្តាំមរតករបស់លោក កាលពីឆ្នាំ១៨៩៥៕



