ចិនប្រកាសសមាសភាពបេក្ខជន សម្រាប់ប្រកួតប្រជែងតំណែងប្រធានអង្គការ WHO
08-10-2026 16:56
(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ចិនបានប្រកាសតែងតាំងបេក្ខជនមួយរូប សម្រាប់ឈរឈ្មោះជាប្រធានអង្គការសុខភាពពិភពលោក (WHO) ដែលជាការបោះជំហានមួយ អាចជួយឱ្យទីក្រុងប៉េកាំងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងស្ថាប័នអន្តរជាតិនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពី WHO កាលពីដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំងកំពុងដាក់ឈ្មោះលោកស្រីវេជ្ជបណ្ឌិត Song Li ជាបេក្ខភាពសម្រាប់តំណែងកំពូលនេះ។ លោកស្រី Mao បានបន្ថែមថា ការតែងតាំងនេះ «បង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិន ចំពោះពហុភាគីនិយម ហើយនឹងជួយឱ្យអង្គការនេះ ដើរតួនាទីកាន់តែសកម្មក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព របស់មនុស្សជាតិទាំងមូល»។
WHO នឹងចេញផ្សាយបញ្ជីឈ្មោះបេក្ខជនពេញលេញផ្លូវការ បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់គណៈកម្មាធិការប្រចាំតំបន់ ដែលរំពឹងថា នឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកា។ ទោះជាយ៉ាងណា បេក្ខជនចំនួន៦នាក់ ដែលតំណាងឱ្យប្រទេសអារ៉ាប៊ីសាអូឌីត បែលហ្ស៊ិក កាតា បុតស្វាណា ឥណ្ឌូណេស៊ី និងអេស្ប៉ាញ បានបង្ហាញអត្តសញ្ញាណរបស់ពួកគេជាសាធារណៈរួចហើយ នៅលើគេហទំព័ររបស់ WHO។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធាន WHO ថ្មី ជំនួសលោក Tedros Adhanom Ghebreyesus ដែលជាជនជាតិអេត្យូពី ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៧។ ប្រសិនបើត្រូវបានជ្រើសរើស លោកស្រី Song Li នឹងក្លាយជាជនជាតិចិនទី២ ដែលបានដឹកនាំ WHO បន្ទាប់ពីលោកស្រី Margaret Chan៕
