FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្តេជ្ញាខិតខំអស់ពីលទ្ធភាព ដើម្បីធានាឱ្យអាស៊ានទទួលយកមីយ៉ាន់ម៉ាឡើងវិញ (Video inside)

08-10-2026 14:17

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីៗដែលអាចទៅរួច ដើម្បីសហការជាមួយមីយ៉ាន់ម៉ា និងដើម្បីធានាថា ប្រទេសដែលកំពុងរងការហែកហួរដោយសង្គ្រាមស៉ីវិលនេះ អាចត្រូវបានធ្វើសមាហរណកម្មពេញលេញឡើងវិញ ទៅក្នុងប្លុកសហគមន៍ប្រជាជាតិតំបន់អាស៉ីអាគ្នេយ៍ ឬអាស៊ាន។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកបានជួបមេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នាថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Min Aung Hlaing ដែលជាអតីតមេដឹកនាំរបបយោធា កំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈរូបលោកកំពុងបន្តស្វែងរក ការទទួលស្គាល់ពីសហគមន៍អន្តរជាតិកាន់តែខ្លាំង បន្ទាប់ពីត្រូវបានតែងតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា ក្រោយការបោះឆ្នោតមួយ ដែលត្រូវបានបណ្តាប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្សជាច្រើននាំគ្នារិះគន់ថា ជាការបោះឆ្នោតក្លែងក្លាយ។ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីលោក Min Aung Hlaing ដឹកនាំរដ្ឋប្រហារយោធា ផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីក្នុងឆ្នាំ២០២១ រហូតបានបង្កឱ្យផ្ទុះជាសង្គ្រាមស៊ីវិល នៅទូទាំងប្រទេស។

លោក Min Aung Hlaing និងមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាផ្សេងទៀត ត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ាន ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីមិនព្រមអនុវត្តតាមផែនការសន្តិភាព ដែលអាស៊ានបានសម្របសម្រួល។ ទោះជាយ៉ាងណា ប្រទេសសមាជិកមួយចំនួន បានចាប់ផ្តើមស្វែងរកការស្តារទំនាក់ទំនងឡើងវិញ។ ចាប់តាំងពីក្លាយជាប្រធានាធិបតី លោក Min Aung Hlaing ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសសមាជិកអាស៊ានដទៃទៀត ដូចជា ថៃ ឡាវ កម្ពុជា និងវៀតណាមផងដែរ។

លោក Anwar បានទទួលស្គាល់ថា ក្តីកង្វល់គឺនៅតែមានពាក់ព័ន្ធដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែលោកបាននិយាយថា ភាពខុសគ្នាត្រូវតែទទួលស្គាល់និងគោរព ហើយលោក Min Aung Hlaing បានបង្ហាញឆន្ទៈក្នុងការសហការគ្នា។ លោក Anwar បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបទ្វេភាគីថា «ខ្ញុំសូមនិយាយថា យើងនិងក្នុងនាមយើងជាភាគីនៅម៉ាឡេស៊ី នឹងធ្វើអ្វីៗដែលអាចធ្វើទៅបាន ដើម្បីធានាថា យើងពង្រឹងកិច្ចសហការនេះ ហើយទីបំផុតទទួលយកមីយ៉ាន់ម៉ាជាផ្នែកមួយ នៃសហគមន៍ប្រជាជាតិរបស់យើង ដោយគ្មានការរើសអើង ជាពិសេសក្នុងបរិបទអាស៊ាន»។

ជាចុងក្រោយ លោកក៏បានសម្តែងការកោតសរសើរចំពោះលោក Min Aung Hlaing ផងដែរ ដែលបានយល់ព្រមទទួលយក ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋមីយ៉ាន់ម៉ាចំនួន ១០ ៤៩៣នាក់ ពីប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីបាននិយាយថា ខ្លួនមិនអាចទទួលយក ជនភៀសខ្លួនពីមីយ៉ាន់ម៉ាបន្ថែមទៀតបានទេ ដោយអះអាងថា ពួកគេបានក្លាយជាបន្ទុកហិរញ្ញវត្ថុ និងជាហានិភ័យសន្តិសុខ។ កាលពីខែមុន ម៉ាឡេស៉ីបានបញ្ជូនមនុស្សប្រហែល ១៥០០នាក់ទៅមីយ៉ាន់ម៉ាវិញ តាមនាវាកងទ័ពជើងទឹកមីយ៉ាន់ម៉ា ទោះបីមានការព្រមានពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សថា អ្នកដែលត្រឡប់ទៅវិញប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារសង្គ្រាមស៊ីវិលដែលកំពុងបន្តក៏ដោយ៕