កូរ៉េខាងជើង រិះគន់អាមេរិករឿងលក់អាវុធឱ្យតៃវ៉ាន់ និងប្រកាសគាំទ្ររុស្ស៊ី
07-10-2026 19:25
(សេអ៊ូល)៖ កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិកជុំវិញការលក់អាវុធ និងផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់ ដោយចោទវ៉ាស៊ីនតោនថា កំពុងបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយស្រង់របាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។
អត្ថបទអត្ថាធិប្បាយរបស់ KCNA បានស្រង់សម្ដីអ្នកវិភាគកូរ៉េខាងជើង លោក Kim Myong Chol មកចុះផ្សាយថា គោលនយោបាយរបស់អាមេរិកកំពុងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងបានថ្កោលទោសការលក់យន្តហោះចម្បាំងឱ្យតៃវ៉ាន់។ លោកបានបញ្ជាក់ថា អាមេរិក «គួរគិតឱ្យច្បាស់ឡើងវិញ ថាតើខ្លួនហ៊ានប្រឈមមុខទល់មុខជាមួយមហាអំណាចចិន ដើម្បីការពារតៃវ៉ាន់ដែរឬទេ ហើយថាតើអាចរ៉ាប់រងផលវិបាកដែលនឹងកើតឡើងបានឬអត់»។
ប្រតិកម្មរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងក្រោយតៃវ៉ាន់ទើបតែទទួលបានយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿងដំបូង កាលពីសប្តាហ៍មុន ក្នុងចំណោម ៦៦ គ្រឿងដែលបានបញ្ជាទិញពីអាមេរិកកាលពីឆ្នាំ២០១៩ ចំពេលដែនកោះនេះកំពុងរងការគំរាមកំហែងយោធាកាន់តែខ្លាំងពីប៉េកាំង។
ការលើកឡើងនេះ បង្ហាញថាព្យុងយ៉ាងកំពុងឈរខាងចិនកាន់តែជិតស្និទ្ធលើបញ្ហាតៃវ៉ាន់ ដែលជាបញ្ហារសើបបំផុតរបស់ប៉េកាំង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានពង្រឹងចំណងមិត្តភាពកាន់តែរឹងមាំជាមួយចិន និងរុស្ស៊ី ដែលបង្កជាក្ដីបារម្ភដល់សន្តិសុខរបស់អាមេរិក និងសម្ព័ន្ធមិត្តទាំងនៅអាស៊ី និងលោកខាងលិច៕
