FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ បន្តកើនដល់៦០នាក់ គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា (Video inside)

07-10-2026 15:25

(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ទឹកជំនន់នៅទូទាំងប្រទេស គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក បានផ្តាច់ជីវិតមនុស្សសរុប ៦០នាក់ស្លាប់ ខណៈកម្រិតទឹកតាមដងទន្លេក្នុងតំបន់មួយចំនួន នៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាជាច្រើនថ្ងៃ កាលពីអំឡុងចុងខែមុន បានធ្វើឱ្យរាជធានីបាងកកជន់លិចធ្ងន់ធ្ងរ ប៉ុន្តែស្ថានភាពទឹកជំនន់នៅទីនោះ ភាគច្រើនបានធូរស្រាលវិញហើយ។ ទោះជាយ៉ាងណា ស្ថានការណ៍នៅតែលំបាក សម្រាប់ប្រជាជនថៃជាច្រើន ដែលរស់នៅក្នុងខេត្ត Prachinburi ភាគកណ្តាលប្រទេស ជាទីដែលមានមនុស្ស ១៩នាក់បានស្លាប់។ នាយកដ្ឋានបង្ការ និងទប់ស្កាត់គ្រោះទឹកជំនន់របស់ថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទឹកទន្លេដែលកើនឡើង បានបង្កការជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ៧ និងប៉ះពាល់ដល់មនុស្សជាង ១៨៨ ០០០នាក់។

នាយកដ្ឋានបានបន្ថែមថា មានមនុស្សច្រើននាក់បានបាត់បង់ជីវិត នៅតាមបណ្តាខេត្តជាង១០ទៀត ហើយនិងនៅរាជធានីបាងកក ស្របពេលទឹកជំនន់ កំពុងតែបន្តក្នុងខេត្តសរុបចំនួន២៧ ក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសថៃ។ នៅទីក្រុងបាងកក មនុស្ស ៤នាក់បានស្លាប់ ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីបរិមាណទឹកភ្លៀង ដែលជាធម្មតាធ្លាក់ក្នុងរយៈពេលមួយខែ បានធ្លាក់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ កាលពីអំឡុងខែកញ្ញា ជាហេតុនាំឱ្យមានការប្រកាសអាសន្ននៅទូទាំងទីក្រុង។ បច្ចុប្បន្ន ការសម្អាតនិងស្តារឡើងវិញទ្រង់ទ្រាយធំ កំពុងបន្តប្រព្រឹត្តទៅ ខណៈទីក្រុងនេះត្រៀមរៀបចំកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលរដ្ឋាភិបាលរបស់លោក បានប្រឈមមុខនឹងការរិះគន់ខ្លាំងពីសាធារណជន ជុំវិញការឆ្លើយតបចំពោះទឹកជំនន់ កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យស្ថាប័នរដ្ឋ គ្រប់គ្រងស្ថានការណ៍ទឹកជំនន់ និងមធ្យោបាយដឹកជញ្ជូន ដើម្បីចៀសវាងការរំខានដល់កិច្ចប្រជុំទាំងនេះ។

គួរបញ្ជាក់ថា ខែកញ្ញាគឺជាខែដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត អំឡុងរដូវវស្សានៅប្រទេសថៃ ប៉ុន្តែសម្រាប់ប្រជាជនជាច្រើននៅក្រុងបាងកក មានអារម្មណ៍ថា ឆ្នាំនេះគឺស្ថានការណ៍ហាក់អាក្រក់ជាងធម្មតា។ តំបន់មួយចំនួនត្រូវបានទឹកជន់លិចដល់ជង្គង់ អស់រយៈពេលជាច្រើនថ្ងៃ ដោយមានយានយន្តត្រូវបានទុកចោល នៅតាមដងផ្លូវដែលលិចទឹក ហើយសាលារៀន ត្រូវបានបិទទ្វារអស់រយៈពេលពីរថ្ងៃ៕