FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី ប្រាប់ WHO ថា គ្មានករណីឆ្លងជំងឺប៉េស្ត នៅក្នុងទីក្រុងនៃតំបន់ស៊ីបេរីឡើយ (Video inside)

06-10-2026 20:33

(ហ្សឺណែវ)៖ អាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារ បានជម្រាបជូនអង្គការសុខភាពពិភពលោក (WHO) ថា មិនមានករណីឆ្លងជំងឺប៉េស្តណាមួយ នៅក្នុងទីក្រុងអៀរឃុតស្ក៍ (Irkutsk) នៃតំបន់ស៊ីបេរីឡើយ បន្ទាប់ពីបុគ្គលិកមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តម្នាក់ បានស្លាប់កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

អ្នកនាំពាក្យអង្គការ WHO លោក Christian Lindmeier បានអានលិខិតឆ្លើយតបផ្លូវការរបស់រុស្ស៊ី ក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវថា «មិនមានករណីឆ្លងជំងឺកាចសាហាវនេះ នៅក្នុងទីក្រុង Irkutsk នៃសហព័ន្ធរុស្ស៊ីឡើយ»។ មុននេះ ក្រុងមូស្គូធ្លាប់បានប្រាប់ WHO ថា អាជ្ញាធរកំពុងស៊ើបអង្កេតថាតើជំងឺប៉េស្តសួត ពិតជាដើមចមនៃការស្លាប់របស់ស្ត្រីរូបនោះ ឬយ៉ាងណា។

អាជ្ញាធររុស្ស៊ី បានបញ្ជាក់ប្រាប់ WHO បន្ថែមថា គេបានកំណត់មុខសញ្ញាមនុស្សទាំងអស់ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកស្លាប់ ហើយលទ្ធផលធ្វើតេស្តរកមេរោគឆ្លងកាចសាហាវ គឺអវិជ្ជមានទាំងអស់។ យ៉ាងណាក្ដី Reuters មិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេថា តើអាជ្ញាធរបានធ្វើតេស្តលើបុគ្គលិកដែលស្លាប់នោះដែរឬទេ ហើយក៏មិនទាន់ដឹងថា តើគេអាចច្រានចោលការសង្ស័យពីជំងឺប៉េស្តទាំងស្រុងហើយឬនៅឡើយទេ ខណៈស្ថានតំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវ មិនទាន់ឆ្លើយតបភ្លាមៗចំពោះការសុំការបំភ្លឺនោះឡើយ។

កន្លងមក អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានវាយតម្លៃថា ហានិភ័យនៃការឆ្លងរាលដាលជំងឺប៉េស្តនេះ ទៅកាន់មនុស្សទូទៅ គឺស្ថិតក្នុងកម្រិតទាបនៅឡើយ៕