FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Rubio ជំរុញឱ្យរុស្ស៊ីបញ្ចេញព័ត៌មានលម្អិត ជុំវិញករណីស្លាប់បុគ្គលិកមន្ទីរពិសោធន៍ជំងឺប៉េស្ត (Video inside)

06-10-2026 19:37

(រ៉េក្យាវិក)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានលើកឡើងកាលពីថ្ងៃអង្គារថា រុស្ស៊ីគួរតែបញ្ចេញព័ត៌មានបន្ថែមទៀតឱ្យពិភពលោកបានដឹង ជុំវិញករណីបុគ្គលិកមន្ទីរពិសោធន៍ម្នាក់បានស្លាប់ដោយសារជំងឺប៉េស្តកាលពីសប្តាហ៍មុន ខណៈវ៉ាស៊ីនតោនកំពុងតាមដានរឿងនេះយ៉ាងដិតដល់បំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសអ៊ីស្លង់ លោក រូប៊ីអូ បានបញ្ជាក់ថា «ខ្ញុំយល់ថា រុស្ស៊ីមានកាតព្វកិច្ចត្រូវចែករំលែកព័ត៌មានឱ្យបានច្បាស់លាស់ជាមួយពិភពលោក។ យើងកំពុងតាមដានរឿងនេះម៉ោងទល់ម៉ោង»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបុគ្គលិកនៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តក្នុងតំបន់ស៊ីបេរី (Siberia) បានធ្លាក់ខ្លួនឈឺ និងស្លាប់កាលពីថ្ងៃសុក្រ ក្នុងកាលៈទេសៈមិនច្បាស់លាស់ ដែលបង្ខំឱ្យអាជ្ញាធររុស្ស៊ីដាក់មនុស្សរាប់សិបនាក់ឱ្យនៅដាច់ដោយឡែក និងបង្កការភ័យខ្លាចដល់សាធារណជន ប៉ុន្តែខាងរុស្ស៊ីអះអាងថា ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងនៅឡើយ។

លោក រូប៊ីអូ បានបន្ថែមថា អាមេរិកមានលទ្ធភាពជួយរុស្ស៊ី ប្រសិនបើស្ថានភាពជាក់ស្តែងធ្ងន់ធ្ងរជាងអ្វីដែលបានប្រកាស ប៉ុន្តែវ៉ាស៊ីនតោនចាំបាច់ត្រូវដឹងព័ត៌មានលម្អិតបន្ថែមសិន មុននឹងអាចលូកដៃជួយបាន។ ដំណាលគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងជួយរុស្ស៊ី ដោយលោកចាត់ទុកថា ការផ្ទុះឡើងនៃជំងឺឆ្លងនេះ គឺជា «បញ្ហាធំមួយសម្រាប់រុស្ស៊ី» ៕