កូរ៉េខាងជើង ច្រានចោលការចោទរឿងផ្ទុះមីន និងព្រមានវាយបកខ្លាំងៗលើកូរ៉េខាងត្បូង (Video inside)
06-10-2026 18:53
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ បានទាត់ចោលការទម្លាក់កំហុសរបស់កូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះមីននៅព្រំដែន ព្រមទាំងព្រមានវាយបកភ្លាមៗ និងយ៉ាងខ្លាំងក្លា ប្រសិនបើមានការរំលោភបំពានដែនដីរបស់ខ្លួនសូម្បីតែបន្តិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ជំហរនេះ ធ្វើឡើងក្រោយកូរ៉េខាងត្បូង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) រកឃើញថា ទាហានកូរ៉េខាងត្បូង ២ នាក់របួសធ្ងន់ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយសារជាន់មីនកូរ៉េខាងជើងបង្កប់ក្នុងតំបន់គ្មានយោធា (DMZ)។ ឆ្លើយតបនឹងរឿងនេះ ក្រសួងការបរទេសកូរ៉េខាងជើង បានចាត់ទុកលទ្ធផលស៊ើបអង្កេតនេះថាជា «ល្ខោនរៀបចំទុកជាមុន» ដើម្បីយកលេសដាក់សម្ពាធការទូត និងយោធាលើក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើស្នាមជើងទាហាន ឬផ្កាភ្លើងណាមួយរបស់កូរ៉េខាងត្បូង ឈានរំលោភព្រំដែនរបស់យើងសូម្បីតែមួយមីលីម៉ែត្រ កងទ័ពការពារព្រំដែនកូរ៉េខាងជើង នឹងវាយបកវិញភ្លាមៗ និងយ៉ាងចាស់ដៃបំផុត»។ ក្រុងព្យុងយ៉ាងបញ្ជាក់បន្ថែមថា ខ្លួនមិនខ្វល់ពីសកម្មភាពរាវមីនរបស់កូរ៉េខាងត្បូងឡើយ ហើយបើមានហេតុការណ៍បែបនេះកើតឡើងទៀត សេអ៊ូលត្រូវទទួលខុសត្រូវទាំងស្រុង។
កូរ៉េខាងត្បូងបានអះអាងថា ព្យុងយ៉ាងបានប្រើកម្លាំងពលកររហូតដល់ ៧,០០០ នាក់ ដើម្បីកប់មីន និងសង់របងបន្លាលួសពង្រឹងព្រំដែន តាំងពីឆ្នាំ២០២៤។ ថ្វីបើកូរ៉េខាងត្បូងទាមទារឱ្យសុំទោស និងដោះមីនទាំងនោះចេញក្ដី លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីលោក គីម ជុងអ៊ុន បានទាត់ចោលការទាមទារនេះដាច់អហង្ការ ស្របពេលដែលកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមជាផ្លូវការនៅឡើយ ៕
