បារាំង ប្រឈមមុខនឹងបាតុកម្មបិទផ្លូវចូលសាលារៀន និងការតវ៉ាតាមដងផ្លូវ (Video inside)
06-10-2026 16:47
(ប៉ារីស)៖ នៅថ្ងៃអង្គារនេះ បារាំងកំពុងប្រឈមនឹងបាតុកម្មបិទផ្លូវចូលសាលាមធ្យមសិក្សាទូទាំងប្រទេស និងការតវ៉ានៅតាមដងផ្លូវ ដែលដឹកនាំដោយសហជីព ដើម្បីគាំទ្រដល់សិស្សានុសិស្ស ទាមទារឱ្យរដ្ឋាភិបាលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដោះស្រាយបញ្ហាខ្វះខាតបុគ្គលិកអប់រំ និងសាលារៀនចាស់ទ្រុឌទ្រោម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។
សិស្សវ័យជំទង់ៗ ឈរពីក្រោយរបាំងដែលដាក់តម្រាបដោយធុងសំរាម នៅមុខសាលារៀននានា ចាប់ពីទីក្រុង Lille នៅភាគខាងជើង រហូតដល់ទីក្រុង Marseille ភាគខាងត្បូង និងពីទីក្រុង Strasbourg នៅភាគខាងកើត រហូតដល់ទីក្រុង Nantes ភាគខាងលិច។ នៅឯទីក្រុងប៉ារីស ពួកគេបានលើកបដាដែលសរសេរថា «យើងចង់ឱ្យគេស្តាប់សំឡេងរបស់យើង មិនមែនបាញ់ឧស្ម័នបង្ហូរទឹកភ្នែក» និង «អនាគតរបស់យើងមិនគ្រានតែជាជម្រើសនោះឡើយ»។
ការតវ៉ាថ្ងៃអង្គារនេះ បានកើតឡើងបន្ទាប់ពីមានការតវ៉ាអស់រយៈពេលពីរសប្តាហ៍ ដែលចាប់ផ្តើមពីតំបន់ខ្វះខាតនៅជាយក្រុងប៉ារីស មុននឹងរាលដាលពេញប្រទេស។ រដ្ឋាភិបាលបារាំង បានឆ្លើយតបដោយដាក់ពង្រាយកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្ម ដោយលើកឡើងថា សកម្មភាពតវ៉ាបានប្រែទៅជាអំពើហិង្សានៅក្នុងទីក្រុង។
ដៃយុវជនម្នាក់ត្រូវបានបំផ្ទុះឱ្យដាច់ ពេលដែលមានការប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុបកម្ម នៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃចន្ទ។ លោក François-Xavier Lauch អភិបាលតំបន់ Pas-de-Calais បានបដិសេធធ្វើអត្ថាធិប្បាយលើហេតុការណ៍ជាក់លាក់ ដោយគ្រាន់តែលើកឡើងថាមានក្រុមអ្នកតវ៉ាប្រមាណ ២០០នាក់ ទៅ ២៥០នាក់ បានគប់វត្ថុផ្សេងៗទៅលើប៉ូលិស។
តាមនាយករដ្ឋមន្រ្តីបារាំង លោក Sebastien Lecornu រដ្ឋាភិបាលនឹងពិនិត្យមើលការជួសជុលដែលចាំបាច់ សម្រាប់អគារសាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម ដោយលោកបានទាមទារឱ្យរដ្ឋមន្ត្រីនានា បញ្ជូនសំណើដំបូងរបស់ពួកគេមកវិញ ត្រឹមដំណាច់ខែតុលា៕


