ប្រធានាធិបតី ដូណាល់ ត្រាំ អំពាវនាវឱ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតតាមប្រៃសណីយ៍ ទោះជាធ្លាប់អះអាងពីករណីក្លែងបន្លំ (Video inside)
06-10-2026 16:20
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកទឹកចិត្តអ្នកគាំទ្ររបស់លោក ឱ្យចូលរួមបោះឆ្នោតតាមប្រៃសណីយ៍ ខណៈដែលនេះគឺជាការផ្លាស់ប្តូរឥរិយាបថច្រើនឆ្នាំមកហើយរបស់លោក ដែលធ្លាប់តែចាត់ទុកការបោះឆ្នោតតាមប្រៃសណីយ៍ថា ជាដំណើរការដែលពោរពេញទៅដោយការក្លែងបន្លំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន មុនពេលចេញដំណើរទៅជួបជុំអ្នកគាំទ្រនៅរដ្ឋ Nebraska កាលពីថ្ងៃចន្ទ លោក ត្រាំ និយាយថា អ្នកគាំទ្ររបស់លោក អាចបោះឆ្នោតតាមប្រៃសណីយ៍បាន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភា ដែលនឹងមកដល់នាថ្ងៃទី៣ ខែវិច្ឆិកា។
លោក ត្រាំ បញ្ជាក់ថា «ពួកគេអាចបោះឆ្នោតតាមប្រៃសណីយ៍បាន ប្រសិនបើពួកគេចង់ធ្វើដូច្នេះ ព្រោះយើងដូចជាគ្មានជម្រើសផ្សេងឡើយ ដោយសារមនុស្សជាច្រើនចង់បោះឆ្នោតតាមប្រៃសណីយ៍ ប៉ុន្តែក៏មានមនុស្សល្អៗច្រើនទៀត ចង់ទៅបោះឆ្នោតដោយផ្ទាល់ដែរ។ អ្នកអាចជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីទាំងពីរនេះបាន»។
លោកប្រធានាធិបតី ត្រាំ បានលើកឡើងម្តងហើយម្តងទៀត ថាភាពបរាជ័យរបស់លោកក្នុងការបោះឆ្នោតឆ្នាំ២០២០ បណ្តាលមកពីការបន្លំសន្លឹកឆ្នោត រួមទាំងការបោះឆ្នោតតាមប្រៃសណីយ៍។ រដ្ឋបាលរបស់លោក ត្រាំ ថែមទាំងព្យាយាមរឹតបន្តឹងយ៉ាងខ្លាំង នូវវិធាននានាដែលគ្រប់គ្រងការបោះឆ្នោតតាមប្រៃសណីយ៍ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់ទៀតផង ប៉ុន្តែតុលាការកំពូល
មិនអនុញ្ញាតឱ្យសេវាប្រៃសណីយ៍អនុវត្តវិធានថ្មីទាំងនោះ កាលពីខែកញ្ញា៕

