ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចនៅម៉ាឡេស៉ី ក្នុងពេលឆាប់ៗនេះ
06-10-2026 15:56
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក Anwar Ibrahim នៅថ្ងៃអង្គារ ទី៦ ខែតុលានេះ បានឱ្យដឹងថា មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងមកបំពេញទស្សនកិច្ចនៅម៉ាឡេស៉ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីទីក្រុងគូឡាឡាំពួ ដាក់ចេញនូវផែនការបញ្ជូនពលករចំណាកស្រុកមីយ៉ាន់ម៉ារាប់ពាន់នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Anwar បានប្រាប់សភាម៉ាឡេស៉ី «អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា មកកាន់ម៉ាឡេស៉ី នៅប៉ុន្មានថ្ងៃខាងមុខនេះ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីមហាផ្ទៃ និងរូបខ្ញុំផ្ទាល់ នឹងលើកឡើងនូវបញ្ហាផ្សេងៗដើម្បីស្វែងរកដំណោះស្រាយ»។
ទស្សនកិច្ចទៅកាន់ម៉ាឡេស៉ី នឹងក្លាយជាដំណើរដ៏មានសារៈសំខាន់បំផុតមួយផ្នែកការទូត សម្រាប់លោក Min Aung Hlaing ចាប់តាំងពីអាស៊ានបានផ្អាកការចូលរួម របស់របបយោធាមីយ៉ាន់ម៉ា ក្រោយប្រហារឆ្នាំ២០២១ និងសង្គ្រាមស៉ីវិលដែលបានផ្ទុះឡើងបន្ទាប់ពីនោះ។ វាក៏នឹងធ្វើឡើងបន្ទាប់ពីពលរដ្ឋចំណាក់ស្រុក ជិត ១ ៥០០នាក់បានទៅដល់មីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។
ម៉ាឡេស៉ី ទទួលស្គាល់ថា ពលរដ្ឋមីយ៉ាន់ម៉ាប្រហែល ៥ ០០០នាក់ យល់ព្រមវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត ប៉ុន្តែអាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយអំពីជនជាតិនៃបុគ្គលអ្នកស្ម័គ្រចិត្តទាំងនោះឡើយ៕
