FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនឥណ្ឌូណេស៊ីសម្រាប់តំណែងប្រធាន WHO អំពាវនាវឱ្យអាមេរិកត្រឡប់មកចូលស្ថាប័ននេះវិញ (Video inside)

06-10-2026 15:40

(ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin និងជាបេក្ខជនដែលប្រទេសនេះបានជ្រើសរើស សម្រាប់ជាប្រធានអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែត្រឡប់មកចូលរួមស្ថាប័ននេះវិញ បន្ទាប់ពីបានដកខ្លួនចេញ កាលពីដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។

លោក Budi គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៦រូប ដែលកំពុងត្រូវប្រកួតប្រជែងគ្នា ដើម្បីជំនួសលោក Tedros Adhanom Ghebreyesus ដែលជាជនជាតិអេត្យូពី សម្រាប់តំណែងជាអគ្គនាយក WHO។ បេក្ខជនផ្សេងទៀត គឺរួមមានមកពីប្រទេសដូចជា កាតា អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ បូតស្វាណា និងបែលហ្ស៊ិក។

ក្នុងអំឡុងអាណត្តិរបស់លោក Tedros អង្គការ WHO បានបាត់បង់ម្ចាស់ជំនួយធំបំផុតរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនជាផ្លូវការ កាលពីខែមករា ឆ្នាំនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ WHO ថា គ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ មិនបានល្អ ជាការចោទប្រកាន់ដែល WHO បានបដិសេធ។

លោក Budi បាននិយាយនៅក្នុងបទសម្ភាសមួយថា «រដ្ឋជាសមាជិកជាច្រើនយល់ថា អាមេរិកគួរតែត្រឡប់មកវិញ។ សហរដ្ឋអាមេរិកពិតជាគួរតែត្រឡប់មកវិញ»។ លោកបានបន្ថែមថា វាមិនអាចទៅរួចទេតាមផ្នែកវិទ្យាសាស្ត្រ ដែលប្រទេសមួយ អាចដោះស្រាយបញ្ហាតែម្នាក់ឯងបាន ប្រសិនបើមានការរាតត្បាតជំងឺធ្ងន់ធ្ងរ។ លោកបានអះអាងថា រូបលោកស្គាល់លោក Robert F Kennedy Jr ដែលជារដ្ឋមន្ត្រីសុខាភិបាលអាមេរិកដោយផ្ទាល់ ភាគីទាំងពីរនឹងអាចនិយាយគ្នាបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា WHO នឹងប្រកាសពីបេក្ខភាពទាំងអស់ សម្រាប់តំណែងអគ្គនាយក នៅក្នុងខែតុលានេះ ហើយការបោះឆ្នោតជ្រើសរើស ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៧៕