FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រ៉ូម៉ានី ថាមានមនុស្សពីរនាក់ស្លាប់ ក្នុងឧប្បត្តិហេតុឆេះនាវានៅសមុទ្រខ្មៅ អ៊ុយក្រែនបន្ទោសលេីដ្រូនរុស្ស៉ី

05-10-2026 22:59

(ប៊ុយការ៉េស)៖ អាជ្ញាធរប្រទេសរ៉ូម៉ានី បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ និងអ្នកផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានហេតុការណ៍ឆេះនាវាមួយគ្រឿងនៅឯតំបន់សមុទ្រខ្មៅ ក្រៅដែនទឹករបស់ប្រទេសរ៉ូម៉ានី ខណៈដែលអ៊ុយក្រែនចោទប្រកាន់ថាបង្កឡេីងដោយយន្តហោះដ្រូនរុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃរ៉ូម៉ានី បានឱ្យដឹងថា សមាជិកនាវិកចំនួន ១១នាក់នៃនាវាដែលបានលិចនោះ ត្រូវបានជួយសង្គ្រោះ។ អាជ្ញាធរដែនសមុទ្ររបស់ប្រទេសនេះបញ្ជាក់ថា ហេតុការណ៍នេះពាក់ព័ន្ធនឹងការឆេះនៅលើនាវា Royad Mammadov។

រ៉ូម៉ានី​ មិនបានធ្វើអត្ថាធិប្បាយលើមូលហេតុនៃការឆេះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថាវាបណ្តាលមកពីដ្រូនរុស្ស៉ី។ អាជ្ញាធររុស្ស៉ីក៏នៅមិនទាន់បញ្ជាក់ជុំវិញការចោទប្រកាន់នេះដែរ​ប៉ុន្តែបេីតាមសេចក្តីរាយការណ៍ប្រចាំថ្ងៃពីក្រសួងការពារជាតិ រុស្ស៉ីបានវាយប្រហារនាវាដឹកទំនិញចំនួនពីរគ្រឿង។

រ៉ូម៉ានី ដែលជាសមាជិកអង្គការណាតូ (NATO) មានព្រំដែនគោកប្រវែង ៦១៤គីឡូម៉ែត្រជាប់ប្រទេសអ៊ុយក្រែន។ តាំងពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៉ីផ្ទុះឡើងកាលពី ៤ឆ្នាំមុន ប្រទេសនេះបានជួបប្រទះករណីដ្រូនរុស្ស៉ី ហោះចូលក្នុងដែនអាកាសរបស់ខ្លួន ក៏ដូចជាមានគ្រាប់មីនអណ្តែតនៅក្នុងសមុទ្រខ្មៅកាត់តាមផ្លូវពាណិជ្ជកម្ម និងផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់នេះ៕