FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វប្បធម៌សុខដុមនីយកម្ម (和合文化)៖ ប្រាជ្ញាចិនអំពីវិបុលភាពរួម

05-10-2026 16:56

(ប៉េកាំង)៖ ក្នុងនាមជាអ្នកសិក្សាពីប្រទេសចិន ខ្ញុំយល់យ៉ាងច្បាស់ថា «វប្បធម៌សុខដុមនីយកម្ម» ដែលបង្កេីតឡេីងដោយបុព្វបុរសចិន ជាគំនិតវប្បធម៌ដែលបានពន្លាតរយៈពេលជាង២០០០ឆ្នាំ ហេីយអាចត្រូវបានបកស្រាយបានតាមបរិបទជាច្រើន។ ជាប្រត្យក្សភាព ខ្ញុំកត់សម្គាល់ថា វប្បធម៌ប្រកបដោយគុណតម្លៃមហាសាលនេះ បង្ហាញពីការសម្របសម្រួលប្រកបដោយសុភមង្គល ការរួមបញ្ចូលប្រកបដោយមោទកភាព ការទាក់ទងប្រកបដោយសុខដុមរមនា និង ការរស់នៅប្រកបដោយវិបុលភាពរួម។

១-វប្បធម៌សុខដុមនីយកម្មផ្តល់តម្លៃដល់ភាពដោយឡែក

វប្បធម៌នេះមានទំនាក់ទំនងជាមួយការទទួលស្គាល់ភាពខុសគ្នា ហើយស្វែងរកវិធីឱ្យភាពខុសគ្នាទាំងនោះអាចរស់នៅជាមួយគ្នាបាន។ ក្នុងការពន្យល់អំពី «បដិសំយោគ(和而不同)» មានការប្រៀបធៀបថា សុខដុមរមនាដូចជាការចម្អិនម្ហូបដែលត្រូវការគ្រឿងផ្សំខុសៗគ្នាមកផ្សំគ្នា។ ប្រសិនបើមានតែគ្រឿងផ្សំមួយប្រភេទ ម្ហូប មិនអាចបង្កើតរសជាតិចម្រុះបានទេ។ គំនិតនេះបង្ហាញថា ភាពខុសគ្នា មិនមែនតែងតែជាប្រភពនៃជម្លោះទេ ប៉ុន្តែអាចក្លាយជាប្រភពនៃភាពសម្បូរបែប និងការច្នៃប្រឌិត។

២- វប្បធម៌សុខដុមនីយកម្មគ្រឹះនៃបដិសំយោគ

បដិសំយោគ គឺជាគំនិតសំខាន់មួយសម្រាប់យល់ពីវប្បធម៌សុខដុមនីយកម្ម។ នៅក្នុងទំនាក់ទំនងរវាងមនុស្ស យេីងអាចរកឃេីញថាមនុស្សពីរនាក់អាចមានមតិខុសគ្នា ប៉ុន្តែអាចគោរពគ្នា។ នៅក្នុងសង្គម មនុស្សមានជំនឿ និងទស្សនៈខុសគ្នា ប៉ុន្តែអាចរស់នៅក្រោមច្បាប់ និងបទដ្ឋានរួម។ នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនានាអាចមានផលប្រយោជន៍ជាតិខុសគ្នា ប៉ុន្តែអាចសហការគ្នាលើបញ្ហាដែលមានផលប្រយោជន៍រួម។ នេះមានន័យថា ភាពសុខដុមរមនា មិនមែនជាការលុបបំបាត់ភាពខុសគ្នា។ ភាពសុខដុមរមនាដែលមាននិរន្តរភាព ត្រូវការការទទួលស្គាល់ភាពខុសគ្នា ការសន្ទនា និងការស្វែងរកចំណុចរួម។

៣-វប្បធម៌សុខដុមនីយកម្មដំណេីរឆ្ពោះទៅកិច្ចកសាងសហគមន៍រួមវាសនា

ក្នុងទស្សនៈវប្បធម៌សុខដុមនីយកម្ម គឺការរស់នៅជាមួយអ្នកដទៃត្រូវការការគោរព និងការយល់ចិត្ត។ មនុស្សម្នាក់មិនអាចរស់នៅដោយផ្តាច់ខ្លួនចេញពីសង្គមបានឡើយ។ ភាពសុខដុមរមនាត្រូវចាប់ផ្តើមពីកម្រិតបុគ្គល បន្តទៅគ្រួសារ សហគមន៍ សង្គម ហើយអាចពង្រីកទៅកម្រិតអន្តរជាតិ។ ក្នុងន័យនេះ វប្បធម៌សុខដុមនីយកម្មអាចត្រូវបានមើលជាគំនិតដែលមានចលនាពី ភាពសុខដុមក្នុងខ្លួន → ភាពសុខដុមរវាងមនុស្ស → ភាពសុខដុមក្នុងសង្គម → ភាពសុខដុមរវាងប្រទេស និងអរិយធម៌។

៤-វប្បធម៌សុខដុមនីយកម្មចលករនៃសហគមន៍រួមជីវិត

ការយល់ដឹងអំពីវប្បធម៌សុខដុមនីយកម្ម មិនគួរបញ្ឈប់ត្រឹមទំនាក់ទំនងរវាងមនុស្សនោះទេ។ ប្រភពអត្ថាធិប្បាយមួយចំនួនអំពីវប្បធម៌សុខដុមនីយកម្មក្នុងវប្បធម៌ចិនដោយផ្តេីមចេញពីទស្សនវិជ្ជាឡៅជឺ បានភ្ជាប់វប្បធម៌សុខដុមនីយកម្មទៅនឹងទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ ដោយបញ្ជាក់ថានោះគឺសហគមន៍រួមជីវិត “天人合一” ផងដែរ។ នៅសតវត្សរ៍ទី២១ ចំណុចនេះមានសារៈសំខាន់ជាពិសេស ព្រោះការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន បានក្លាយជាបញ្ហាដែលឆ្លងកាត់ព្រំដែន។ ការរស់នៅដោយសុខដុមរមនា មិនមែនមានន័យត្រឹម «មនុស្សរស់នៅជាមួយមនុស្ស បង្កើតសហគមន៍រួមវាសនា» ប៉ុណ្ណោះទេ វប្បធម៌សុខដុមនីយកម្មដែលជាគ្រឹះដំបូងនៃ «ទំនាក់ទំនង ប្រពៃរវាងមនុស្សនិងធម្មជាតិ (សហគមន៍រួមជីវិត )» ពង្រីកទៅជា«អរិយធម៌អេកូឡូស៊ី»។

ជាសច្ចភាព «វប្បធម៌សុខដុមនីយកម្ម» បានលាតសន្ធឹងឆ្លងព្រំដែនចិន ក្លាយជាទស្សនវិជ្ជាសកល ដែលបាននាំពិភពលោកប្រកៀកស្មារជាមួយចិនបន្តជ្រោងទង់ស្មារតីផ្លូវសូត្របុរាណ តាមរយៈកិច្ចកសាងសហគមន៍ចំនួន២ គឺ ទី១-សហគមន៍រួមវាសនា ដែលមាន «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ »ជាក្បាលម៉ាស៊ីន និង «គំនិតផ្ដួចផ្ដើមសកលទាំង៤៖ ១-អភិវឌ្ឍន៍ សកល ២-សន្តិសុខសកល ៣-អរិយធម៌ សកល ៤-អភិបាលកិច្ចសកល»ជាត្រីវិស័យ និង ទី២-សហគមន៍រួមជីវិត ដែលមានអរិយធម៌អេកូឡូស៊ី និង ជីវចម្រុះ ជាគ្រឹះ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា -ចិន