FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi ហៅចិនថា «ប្រទេសជិតខាងដ៏សំខាន់» និងប្តេជ្ញាស្តារទំនាក់ទំនងឱ្យមានស្ថិរភាព (Video inside)

05-10-2026 16:26

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានហៅចិនថាជា «ប្រទេសជិតខាងដ៏សំខាន់» និងបានប្តេជ្ញាកសាងទំនាក់ទំនងមានស្ថិរភាពរវាងគូប្រជែងទាំងពីរ នៅក្នុងសុន្ទរកថាមួយស្តីពីគោលនយោបាយ នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Takaichi បានថ្លែងនៅក្នុងសភាជប៉ុនដូច្នេះថា «ចិនគឺជាប្រទេសជិតខាងដ៏សំខាន់ ហើយទោះបីជួបបញ្ហាលំបាកជាច្រើនក្តី យើងបានកសាងទំនាក់ទំនងមួយ ដែលឋិតថេរយូរអង្វែងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យើងនឹងព្យាយាមធ្វើការ ដើម្បីធានាឱ្យមានការធ្វើទំនាក់ទំនងគ្នា ជុំវិញបញ្ហាប្រឈមរួម លើកកម្ពស់កិច្ចសន្ទនា ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង ហើយកសាងទំនាក់ទំនង ដែលមានលក្ខណៈស្ថាបនា និងមានស្ថិរភាព»។

ទំនាក់ទំនងការទូតរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅអាស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកស្រី Takaichi បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំមុនថា ទីក្រុងតូក្យូអាចនឹងចូលរួមធ្វើអន្តរាគមន៍យោធា ប្រសិនបើមានការវាយប្រហារលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។

ការថ្លែងសុន្ទរកថាស្តីពីគោលនយោបាយនេះ ធ្វើឡើងបន្ទាប់ពីប្រមុខការទូតរបស់ចិន លោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា ទំនាក់ទំនងជាមួយជប៉ុន «កំពុងរង់ចាំការធ្វើឱ្យមានប្រក្រតីភាពឡើងវិញ» ក្នុងឱកាសដែលលោកបានជួបជាមួយ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនមួយរូប ដែលបានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ទៅកាន់ទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ចិនបានព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរមកប្រទេសជប៉ុន និងបានដាក់វិធានការរឹតត្បិតពាណិជ្ជកម្ម ដែលតាមសេចក្តីរាយការណ៍ បានធ្វើឱ្យការផ្គត់ផ្គង់វត្ថុធាតុរ៉ែកម្រដ៏សំខាន់ទៅកាន់ក្រុមហ៊ុនជប៉ុន ធ្លាក់ចុះយ៉ាងខ្លាំង៕