FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ីបង្កើនការវាយប្រហារលើអ៊ុយក្រែន បន្ទាប់ពីការព្រមានរបស់លោក ហ្សេលេនស្គី (Video inside)

05-10-2026 14:22

(កៀវ)៖ រុស្ស៉ីបានបង្កើនការវាយប្រហារលើអ៊ុយក្រែន បន្ទាប់ពីកិច្ចសម្ភាសមួយ របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលអំឡុងពេលនោះ រូបលោកបានព្រមានបង្កើនការវាយប្រហារ​លើរុស្ស៉ី ខណៈសង្រ្គាមបង្ហូរឈាមរវាងប្រទេសទាំងពីរ នៅតែបន្តអូសបន្លាយ។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦។

អភិបាលតំបន់ Odesa របស់អ៊ុយក្រែន លោក Oleh Kiper បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងកំពង់ផែនៅក្នុងតំបន ខណៈ លោក Ihor Terekhov អភិបាលទីក្រុង Kharkiv ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងនេះ បានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស ៦នាក់ទៀតរងរបួស។

នាថ្ងៃចន្ទដដែលនេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ខ្លួនបានវាយប្រហារកំពង់ផែក្រុង Vylkove ទីតាំងឃ្លាំងស្តុកប្រេងនៅទីក្រុង Chornomorsk និងកប៉ាល់ដឹកទំនិញ ដែលទាំងអស់សុទ្ធតែស្ថិតក្នុងតំបន់ Odesa ព្រមទាំងស្ថានីយអគ្គិសនីមួយកន្លែង នៅតំបន់ Kharkiv។ ក្រសួងបានអះអាងថា ទីតាំងទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា។

កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា រុស្ស៊ីនឹងបង្កើនការវាយប្រហារលើរដ្ឋធានីកៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹង បទសម្ភាសរបស់លោក ហ្សេលេនស្គី ដែលក្នុងនោះលោកបានប្តេជ្ញាបង្កើន ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ ក្រសួងបាននិយាយថា កងកម្លាំងរុស្ស៊ីនឹ ងបង្កើនការវាយប្រហារលើទីតាំងយោធា ទីតាំងឧស្សាហកម្មការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅទីក្រុងកៀវ និងតំបន់ផ្សេងទៀតនៅទូទាំងអ៊ុយក្រែន។

ក្នុងបទសម្ភាសមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ហ្សេលេនស្គី បានប្រាប់ Reuters ថា អ៊ុយក្រែន នឹងបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ថ្មីរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារតាមអាកាស ដែលមានគោលបំណងបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀត ប៉ុន្តែលោកបាននិយាយថា អ៊ុយក្រែននឹងមិនកំណត់គោលដៅលើជនស៊ីវិលឡើយ។

ថ្មីៗនេះរុស្ស៊ីបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅរដ្ឋធានីអ៊ុយក្រែន រួមទាំងការវាយប្រហារលើស្ពាននានាឆ្លងកាត់ទន្លេ Dnipro។ យុទ្ធនាការវាយប្រហារដែលកាន់តែខ្លាំងឡើងនេះ បានបង្កផលរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់ប្រជាជនប្រមាណ ៣លាននាក់នៅក្នុងរដ្ឋធានីកៀវ មុនពេលចូលដល់នៃរដូវរងាដ៏ត្រជាក់ខ្លាំង។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ការវាយប្រហារថ្មីៗរបស់ខ្លួនលើទីក្រុងកៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន គឺជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការវាយប្រហាររបស់ទីក្រុងកៀវ លើគោលដៅស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី។ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបដិសេធដូចគ្នាថា ខ្លួនមិនបានកំណត់គោលដៅដោយចេតនា លើជនស៊ីវិលនោះទេ៕