លោក ហ្សេលេនស្គី ព្រមានថា អ៊ុយក្រែននឹងបង្កើនការវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ឆ្លើយតបគោលការណ៍ថ្មី នៃការវាយប្រហារតាមអាកាសរបស់ទីក្រុងមូស្គូ (Video inside)
04-10-2026 13:21
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ថ្មីរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារតាមអាកាស ដែលមានគោលបំណងបង្ខំប្រជាជនឱ្យចាកចេញពីរដ្ឋធានី និងទីក្រុងដទៃទៀតរបស់អ៊ុយក្រែន ប៉ុន្តែលោកអះអាងថា អ៊ុយក្រែននឹងមិនកំណត់គោលដៅលើជនស៊ីវិលឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦។
លោក ហ្សេលេនស្គី បាននិយាយថា ទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន ទទួលបានឯកសារ ដែលបង្ហាញថា មេដឹកនាំរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញគោលការណ៍ថ្មី ស្តីពីការវាយប្រហារយោធាលើគោលដៅស៊ីវិលក្នុងទ្រង់ទ្រាយ កាន់តែទូលំទូលាយជាងមុន មុនរដូវរងារនេះ។ លោក ហ្សេលេនស្គី បានប្រាប់ Reuters ក្នុងបទសម្ភាសថា «យើងបានឃើញឯកសារ ហើយយើងដឹងថា ពួកគេបានអនុញ្ញាតឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ និងជាពិសេសវាយប្រហារនៅក្នុងទីក្រុង នៅតាមភូមិ គ្រប់ទីកន្លែង រួមទាំងផ្លូវ សាលារៀន និងមន្ទីរពេទ្យ»។
លោកបាននិយាយថា «ការដាក់សម្ពាធលើប្រជាជនឱ្យចាកចេញពីរដ្ឋធានី និងចាកចេញពីទីក្រុងផ្សេងៗ គឺជាគោលដៅនៃប្រតិបត្តិការនេះ»។ លោកបន្តថា កត្តាដែលជំរុញឱ្យមានការផ្លាស់ប្តូរគោលការណ៍នេះ គឺបំណងរបស់លោក ពូទីន ដែលចង់បង្ហាញថាខ្លួននៅតែមានភាពខ្លាំងក្លា នៅពេលកងកម្លាំងរបស់រុស្ស៊ី ជាក់ស្តែងកំពុងបាត់បង់ទីតាំងនៅតាមតំបន់សមរភូមិជួរមុខសំខាន់ៗ និងកំពុងទទួលរងចំនួនអ្នកស្លាប់ និងរបួសកាន់តែច្រើន។
គួរបញ្ជាក់ថា មិនទាន់មានការអត្ថាធិប្បាយណាមួយនៅឡើយទេពីខាងរុស្ស៉ី ជុំវិញការលើកឡើងដូចខាងលើរបស់លោក ហ្សេលេនស្គី ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍មួយ ដែលអំពាវនាវឱ្យជនបរទេសចាកចេញពីទីក្រុងកៀវ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ បាននិយាយថា ទីក្រុងមូស្គូនឹងបន្តវាយប្រហារលើគោលដៅជាប្រព័ន្ធ ដោយអះអាងថា ការវាយប្រហារទាំងនេះ គឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ីក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ ភាគីទាំងពីរសុទ្ធតែប្រកែកថា ខ្លួនមិនមានចេតនាកំណត់គោលដៅលើជនស៊ីវិលទេ៕


