FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ (Video inside)

04-10-2026 11:51

(វ៉ាស៊ីនតោន)៖ ប្រធានស្ថាប័នពន្ធនាគារនៃរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក បានសម្រេចចិត្តលាលែងពីតំណែង ជុំវិញករណីប្រហារជីវិតអ្នកទោស ឈ្មោះ Christa Pike ដែលបានប្រព្រឹត្តទៅដោយមិនជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦។

អភិបាលរដ្ឋ Tennessee លោក Bill Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ស្នងការស្ថាប័នពន្ធនាគារ លោក Frank Strada នឹងចាកចេញពីតំណែងនៅក្នុងខែនេះ។ មេធាវីរបស់អ្នកទោស Christa Pike បានឱ្យដឹងថា នាងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី និងកំពុងប្រើម៉ាស៊ីនជំនួយដង្ហើមនៅមន្ទីរពេទ្យ បន្ទាប់ពីការប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រព្រឹត្តទៅមិនជោគជ័យ។ ដោយមានអាយុ៥០ឆ្នាំ Pike នៅតែមិនស្លាប់ ក្រោយការចាក់ថ្នាំចំនួនពីរលើក ដោយប្រើសារធាតុ pentobarbital ដែលជាថ្នាំពុលទូទៅត្រូវបានប្រើប្រាស់ក្នុងការប្រហារជីវិត ដើម្បីអនុវត្តទោសសម្រាប់អំពើឃាតកម្មលើបុគ្គលឈ្មោះ Colleen Slemmer កាលពីឆ្នាំ ១៩៩៥។

វាគឺជាករណីប្រហារជីវិតបរាជ័យលើកទី២ហើយ នៅរដ្ឋ Tennessee ក្នុងឆ្នាំនេះ។ រដ្ឋអាមេរិកមួយនេះ បានផ្អាកករណីប្រហារជីវិតមួយ កាលពីខែឧសភា បន្ទាប់ពីបុគ្គលិកពេទ្យ មិនអាចចាក់ម្ជុលចូលសរសៃឈាមនៅដៃរបស់អ្នកទោសបាន។ លោក Lee ដែលកន្លងមកបានបដិសេធសំណើសុំលើកលែងទោសរបស់ Pike បានផ្អាកការប្រហារជីវិតអ្នកទោសដទៃទៀត ពេញមួយឆ្នាំនេះតែម្តង ខណៈការត្រួតពិនិត្យលើនីតិវិធីឡើងវិញ កំពុងធ្វើឡើង។

គួរបញ្ជាក់ថា ប្រសិនបើការចាក់ថ្នាំប្រហារជីវិតនោះ បានប្រព្រឹត្តទៅដោយជោគជ័យ នាង Christa Pike នឹងក្លាយជាស្ត្រីដំបូងដែលត្រូវបានរដ្ឋ Tennessee ប្រហារជីវិត ក្នុងរយៈពេលជាងពីរសតវត្សរ៍មកនេះ។ នៅសហរដ្ឋអាមេរិក មានស្ត្រីតែ ១៨នាក់ប៉ុណ្ណោះ ដែលត្រូវបានប្រហារជីវិត ចាប់តាំងតែពីឆ្នាំ ១៩៧៦មក នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអំពីទោសប្រហារជីវិត Death Penalty Information Center៕