FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌានិងប៉ាគីស្ថាន កោះហៅមន្ត្រីការទូតជាន់ខ្ពស់ទៅវិញទៅមក ជុំវិញឧប្បត្តិហេតុនៅព្រំដែន (Video inside)

04-10-2026 09:43

(ញូវដែលី)៖ ឥណ្ឌានិងប៉ាគីស្ថាន បានកោះហៅមន្ត្រីការទូតជាន់ខ្ពស់របស់ភាគីម្ខាងទៀត កាលពីថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ជុំវិញឧប្បត្តិហេតុមួយនៅព្រំដែនកាលពីថ្ងៃសុក្រ ដោយទីក្រុងញូវដែលីបានបដិសេធការចោទប្រកាន់របស់ទីក្រុងអ៉ីស្លាម៉ាបាដ ដែលថា កងកម្លាំងឥណ្ឌាបានសម្លាប់ជនស៊ីវិលប៉ាគីស្ថានគ្មានអាវុធ២នាក់ និងបាននិយាយថា អ្នកពាក់ព័ន្ធទាំងនោះ បានឆ្លងចូលទឹកដីឥណ្ឌាដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា សមាជិកកងការពារព្រំដែនឥណ្ឌា (BSF) បានប្រើកម្លាំងយ៉ាងសាហាវទាំងគ្មានការបង្កហេតុជាមុន ប្រឆាំងនឹងជនស៊ីវិលប៉ាគីស្ថាន ដែលមិនមានប្រដាប់ដោយអាវុធ ២នាក់ នៅតំបន់ Bedian តាមបណ្តោយព្រំដែនអន្តរជាតិរវាងប្រទេសទាំង២ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ប៉ាគីស្ថានបាននិយាយថា ខ្លួនបានកោះហៅភារធារីទូតឥណ្ឌា ដើម្បីតវ៉ាចំពោះឧប្បត្តិហេតុនេះ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតភ្លាមៗ ប្រកបដោយតម្លាភាព និងអាចជឿទុកចិត្ត។

ក្រោយមក ក្រសួងការបរទេសឥណ្ឌា ក៏បានចេញមុខបដិសេធអ្វីដែលខ្លួនហៅថា ការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចេតនាបង្កប់ ហើយបាននិយាយថា ខ្លួនបានកោះហៅ ភារធារីប៉ាគីស្ថានដូចគ្នា ដើម្បីតវ៉ាចំពោះ «ការបន្តជួយសម្រួលដល់ការលបឆ្លងព្រំដែនចូលដោយខុសច្បាប់ពីប៉ាគីស្ថាន»។ ក្រសួងបាននិយាយថា មនុស្ស៣នាក់បានឆ្លងចូលទឹកដីឥណ្ឌានៅតំបន់ Ferozepur នៃរដ្ឋ Punjab ហើយបានបន្តធ្វើដំណើរឆ្ពោះមករបងព្រំដែន ទោះបីកងកម្លាំង BSF បានព្រមានជាច្រើនលើកឱ្យពួកគេត្រឡប់ទៅខាងប៉ាគីស្ថានវិញក៏ដោយ។ ក្រសួងបានអះអាងថា សមាជិក BSF ត្រូវបានបង្ខំឱ្យប្រើកម្លាំងប្រឆាំងនឹងពួកគេ ដោយសារអ្នកទាំងនោះ បង្កការគំរាមកំហែងភ្លាមៗដល់សន្តិសុខ។

ឥណ្ឌាបាននិយាយថា ឧប្បត្តិហេតុនេះឆ្លុះបញ្ចាំងពី លំនាំច្បាស់លាស់នៃសកម្មភាពលបឆ្លងព្រំដែនម្តងហើយម្តងទៀត ដោយក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធ ដែលធ្វើប្រតិបត្តិការចេញពីប៉ាគីស្ថាន ហើយបានអំពាវនាវឱ្យទីក្រុងអ៉ីស្លាម៉ាបាដ ស៊ើបអង្កេតអ្វីដែលឥណ្ឌាពិពណ៌នាថា ជាការលបឆ្លងព្រំដែនចូល និងការរត់ពន្ធគ្រឿងញៀន។ ឥណ្ឌាក៏បានអំពាវនាវឱ្យប៉ាគីស្ថានគោរពព្រំដែនអន្តរជាតិ អនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគី និងធានាថា កងកម្លាំងរបស់ខ្លួនទប់ស្កាត់ ការធ្វើដំណើរឆ្លងព្រំដែនដោយគ្មានការអនុញ្ញាតពីខាងខ្លួន ផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានស្ថិតក្នុងភាពតានតឹងចាប់តាំងពីសង្គ្រាមរយៈពេល៤ថ្ងៃ កាលពីក្នុងឆ្នាំ២០២៥ ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតរវាងប្រទេសទាំងពីរ គិតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ វាកើតឡើងក្រោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ លើភ្ញៀវទេសចរនៅតំបន់ Kashmir ខាងប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្ស ២៦នាក់។ ទីក្រុងញូវដែលី ចោទថា ប៉ាគីស្ថានបានគាំទ្រការវាយប្រហារនោះ ប៉ុន្តែទីក្រុងអ៉ីស្លាម៉ាបាដបដិសេធ៕