ផ្ទុះការតវ៉ានៅក្នុងប្រទេសអេស្ប៉ាញ ជុំវិញវិបត្តិលំនៅដ្ឋាន (Video inside)
03-10-2026 22:54
(ម៉ាឌ្រីដ)៖ នៅថ្ងៃសៅរ៍ ទី៣ ខែតុលានេះ ប្រជាជនរាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវក្នុងទីក្រុងម៉ាឌ្រីដ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអេស្ប៉ាញ ដើម្បីបង្កើនការទាមទារឱ្យមានវិធានការដោះស្រាយវិបត្តិលំនៅដ្ឋានដែលកំពុងកើនឡើងធ្ងន់ធ្ងរ បន្ទាប់ពីវិធានការរបស់រដ្ឋាភិបាលត្រូវបានក្រុមប្រឆាំងជំទាស់រហូតបរាជ័យ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកតវ៉ាមួយចំនួនបានលើកបដាអំពាវនាវឱ្យមានការធ្វើកូដកម្មទូទាំងប្រទេស បន្ទាប់ពីវិធានការនានាដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយកំហឹងរបស់មហាជនជុំវិញករណីបណ្តេញស្ត្រីអាយុ ៨៧ឆ្នាំម្នាក់ចេញពីលំនៅដ្ឋាននៅទីក្រុងម៉ាឌ្រីដ និងបញ្ហាផ្ទះសម្បែងផ្សេងទៀត ត្រូវបានសភាបដិសេធកាលពីថ្ងៃសុក្រ។
នៅទីក្រុង Valencia ភាគអាគ្នេយ៍ អ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិស ដែលបានបាញ់គ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការតវ៉ា។ ក្រុមអ្នកតវ៉ាប្រហែល ៣០ នាក់បានចូលទៅក្នុងអគារ City of Arts and Sciences ដែលជាអគារវប្បធម៌ដ៏លេចធ្លោមួយនៅក្នុងទីក្រុង មុនពេលត្រូវបានប៉ូលិសបណ្តេញចេញ។ ចំណែកឯការតវ៉ានៅតាមទីក្រុងនានារបស់អេស្ប៉ាញចំនួន ៥០ផ្សេងទៀតប្រព្រឹត្តទៅដោយសន្តិវិធី។
រដ្ឋាភិបាលអេស្ប៉ាញ បានឱ្យដឹងថា មនុស្សប្រហែល ៧០,០០០នាក់បានចូលរួមក្នុងការតវ៉ានៅទីក្រុងម៉ាឌ្រីដ នាថ្ងៃសៅរ៍នេះ។ ដោយឡែក ការតវ៉ាដែលបានគ្រោងទុកនៅក្នុងទីក្រុង Barcelona និងទីក្រុង Hospitalet de Llobregat ត្រូវបានលុបចោលដោយសារតែមានភ្លៀងធ្លាក់ខ្លាំង៕
