FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន ថាស្ពានឆ្លងកាត់ទន្លេ Dnipro ក្នុងទីក្រុងកៀវ រងការខូចខាតអំឡុងការវាយប្រហាររបស់រុស្ស៉ី (Video inside)

03-10-2026 19:50

(កៀវ)៖ អភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថាស្ពានភាគខាងជើងដែលឆ្លងកាត់ទន្លេ Dnipro ក្នុងទីក្រុងកៀវ បានរងការវាយប្រហារអំឡុងពេលនៃការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី នៅថ្ងៃសៅរ៍នេះ ខណៈដែលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានីរបស់អ៊ុយក្រែនកំពុងកើនឡើង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦។

លោកអភិបាលក្រុង បានឱ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ហើយការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានពីត្រើយខាងកើតទៅត្រើយខាងលិចត្រូវផ្អាក បន្ទាប់ពីផ្ទៃផ្លូវ និងខ្សែភ្លើងសម្រាប់រថយន្តក្រុងអគ្គិសនី (trolleybus) នៅផ្នែកខាងលើរងការខូចខាត។ មិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិត ឬរបួសស្នាមនោះទេ។

ក្នុងរយៈពេលពីរថ្ងៃកន្លងមកស្ពានភាគខាងត្បូងបានរងការវាយប្រហារជាច្រើនលើកដោយយន្តហោះដ្រូនរបស់រុស្ស៉ី ដែលបង្ខំឱ្យមានការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅលើស្ពាននេះ និងស្ពានពីរផ្សេងទៀតដែលឆ្លងកាត់ទន្លេ Dnipro។

មុនការចូលឈ្លានពានរបស់រុស្ស៉ីនៅឆ្នាំ២០២២ ប្រជាជនជាងមួយភាគបីនៃចំនួនសរុប ៣លាននាក់របស់រដ្ឋធានីអ៊ុយក្រែននេះ រស់នៅត្រើយខាងកើតនៃទន្លេ Dnipro ប៉ុន្តែភាគច្រើនលើសលប់នៃពួកគេធ្វើការនៅត្រើយខាងលិចដែលជាទីតាំងនៃស្ថាប័នរដ្ឋ និងក្រុមហ៊ុនភាគច្រើន។

ទីក្រុងមូស្គូ តែងបដិសេធការកំណត់គោលដៅលើជនស៉ីវិលជាលក្ខណៈប្រព័ន្ធ អំឡុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន៕