FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាចាប់ផ្តើមនាំចេញអង្ករតាមនាវាត្រង់ពីកំពង់ផែខេត្តកំពតជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ដោយក្រុមហ៊ុន Signature Rice

03-10-2026 18:50

(កំពត)៖ ក្រុមហ៊ុន Signature Rice បានចាប់ផ្តើមនាំចេញអង្ករកម្ពុជាចំនួន ៥,០០០ តោន តាមនាវាទៅកាន់ប្រទេសហ្វីលីពីន ពីកំពង់ផែខេត្តកំពតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ដែលជាការនាំចេញអង្ករតាមនាវាពីកំពង់ផែខេត្តកំពតជាលើកដំបូងរបស់កម្ពុជា និងជាការបើកទំព័រថ្មីសម្រាប់ការនាំចេញតាមនាវាជាប្រចាំទៅកាន់ទីផ្សារហ្វីលីពីន។

ការនាំចេញនេះ គឺជាផ្នែកមួយនៃផែនការដ៏មហិច្ឆតារបស់ក្រុមហ៊ុន Signature Rice ក្នុងការនាំចេញអង្ករសរុប ១៥,០០០ តោនក្នុងខែតុលា ឆ្នាំ២០២៦។ ក្រុមហ៊ុនក៏មានបំណងបន្តនាំចេញបន្ថែម ៤៥,០០០ តោនទៀត ក្នុងខែវិច្ឆិកា និងខែធ្នូ ដែលធ្វើឱ្យគោលដៅនាំចេញសរុបទៅកាន់ទីផ្សារហ្វីលីពីនឈានដល់ ៦០,០០០ តោនក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។

ការនាំចេញដ៏ធំនេះ ត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹកត្រង់ថ្មីរវាងកម្ពុជា និងហ្វីលីពីន ដែលជាកត្តាគន្លឹះអនុញ្ញាតឱ្យក្រុមហ៊ុនអាចនាំចេញអង្ករក្នុងបរិមាណដ៏ច្រើនតាមនាវា ជំនួសឱ្យការដឹកជញ្ជូនតាមកុងតឺន័រដូចមុន។ វិធីសាស្ត្រថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ការនាំចេញក្នុងបរិមាណធំប៉ុណ្ណោះទេ ថែមទាំងផ្តល់ភាពងាយស្រួលដល់អ្នកទិញក្នុងការទទួលបានអង្ករក្នុងបរិមាណច្រើនក្នុងការដឹកជញ្ជូនតែមួយលើក ដែលរួមចំណែកដល់ការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម។

សម្រាប់ឆ្នាំ ២០២៧ Signature Rice មានគោលដៅនាំចេញអង្ករប្រមាណ ១០០,០០០ តោន ទៅកាន់ប្រទេសហ្វីលីពីន ដោយមានគោលបំណងបង្កើតភាពជាដៃគូផ្គត់ផ្គង់អង្ករកម្ពុជារយៈពេលវែងសម្រាប់ទីផ្សារនេះ។

លោក ចាន់ ពេជ្រ នាយកគ្រប់គ្រងក្រុមហ៊ុន Signature Rice បានមានប្រសាសន៍ថា «ការនាំចេញអង្ករពេញនាវា ដែលមានបរិមាណធំ អាចជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមកុងតឺន័រ។ អ្នកទិញអាចទទួលបានអង្ករក្នុងបរិមាណច្រើនក្នុងការដឹកជញ្ជូនមួយលើក ហើយអាចរក្សាបាននូវគុណភាពស្របគ្នា។ ការនាំចេញតាមផ្លូវទឹកនេះក៏អាចជួយពង្រឹងភាពប្រកួតប្រជែងរបស់អង្ករកម្ពុជានៅក្នុងទីផ្សារហ្វីលីពីនផងដែរ»។

លោកបានបន្ថែមថា៖ «យើងអាចនាំចេញបានប្រមាណ ៥,០០០ តោនក្នុងមួយលើក ហើយមានផែនការរៀបចំការនាំចេញបែបនេះជាប្រចាំរៀងរាល់សប្តាហ៍។ គោលដៅរបស់យើងគឺកសាងភាពជាដៃគូផ្គត់ផ្គង់រយៈពេលវែងសម្រាប់ទីផ្សារហ្វីលីពីនមិនមែនគ្រាន់តែជាការនាំចេញមួយលើកនោះទេ»។

Signature Rice ជាក្រុមហ៊ុនអង្ករកម្ពុជាដែលមានខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញដល់ប្រទេសហ្វីលីពីន ដែលជាទីផ្សារអង្ករដ៏ធំមួយនៅក្នុងតំបន់ ដែលមានតម្រូវការនាំចូលប្រមាណ ៥.៥ លានតោនក្នុងឆ្នាំ២០២៦។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ១២២,១០២ តោន ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ហើយការនាំចេញពេញមួយឆ្នាំត្រូវបានរំពឹងថានឹងឈានដល់ប្រមាណ ២០៩,៤៤៦ តោន។

Signature Rice ជាផ្នែកមួយនៃ The Heritage Group ដែលមានទស្សនវិស័យផ្តោតលើការអភិវឌ្ឍអាជីវកម្មបៃតង (Green Business) និងបាននាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាំងពីឆ្នាំ ២០០៩។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ ក្រុមហ៊ុនបានពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ ៣៦ ប្រទេស នៅលើទ្វីបចំនួន ៤ ទូទាំងពិភពលោក។ ចំណុចសំខាន់មួយរបស់ Signature Rice គឺការគ្រប់គ្រង ខ្សែសង្វាក់ផ្គត់ផ្គង់ចាប់ពីស្រូវរហូតដល់កំពង់ផែ។ ក្រុមហ៊ុនធ្វើការជាមួយកសិករតាមរយៈកិច្ចសន្យាកសិកម្ម សហគមន៍កសិកម្ម និងក្រុមកសិករ នៅខេត្ត ព្រះវិហារ កំពង់ធំ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្តផ្សេងៗទៀត។ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ជួយឱ្យ Signature Rice អាចគ្រប់គ្រងប្រភពស្រូវ បរិមាណផ្គត់ផ្គង់ គុណភាព និងប្រព័ន្ធតាមដានប្រភពដើមបានកាន់តែមានប្រសិទ្ធភាព ដើម្បីផ្តល់អង្ករដែលមានគុណភាពស្របគ្នា និងមានប្រភពអាចតាមដានបានដល់អតិថិជនអន្តរជាតិ។

លើសពីនេះ ក្រុមហ៊ុនក៏ផ្តោតលើការកាត់បន្ថយសំណល់តាមគោលការណ៍ Zero Waste តាមរយខ្សែសង្វាក់តម្លៃស្រូវ-អង្ករ ចាប់ពីស្រែរហូតដល់កំពង់ផែ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់Signature​ Rice ចំពោះការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ថ្មីៗនេះរោងម៉ាស៊ីនកិនស្រូវរបស់ Signature Rice បានទទួលវិញ្ញាបនបត្រជា រោងម៉ាស៊ីនកិនស្រូវបៃតងតាមស្តង់ដារ EDGE ដំបូងគេនៅកម្ពុជា និងអាស៊ី។

ដោយផ្តោតលើគុណភាព ភាពជឿជាក់ និងការផ្គត់ផ្គង់ប្រកបដោយចីរភាព Signature Rice មានបេសកកម្មក្លាយជា «Your Trusted Cambodian Rice Partner» និងជាដៃគូអាជីវកម្មដែលអតិថិជនជាតិ និងអន្តរជាតិអាចទុកចិត្តបាន។

ការនាំចេញអង្ករតាមនាវាលើកនេះ គឺជាជំហានមួយទៀតក្នុងការពង្រីកទីផ្សារអន្តរជាតិរបស់ Signature Rice និងគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករដែលបានកិនរួចឱ្យបាន ១ លានតោន។

ការនាំចេញនេះក៏កើតឡើងស្របពេលដែលកម្ពុជា និងហ្វីលីពីនកំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្រោម អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម ដែលបានចុះហត្ថលេខានៅទីក្រុងម៉ានីល ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Francisco Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន៕