FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីន បង្ហាញការព្រួយបារម្ភជុំវិញការវាយប្រហារតាមផ្លូវអាកាសនៅមីយ៉ាន់ម៉ា ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួស (Video inside)

03-10-2026 15:29

(ម៉ានីល)៖ ហ្វីលីពីនដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២៦នេះ បានបង្ហាញការព្រួយបារម្ភជុំវិញការវាយប្រហារតាមផ្លូវអាកាសមួយនៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ដែលបានឱ្យមានមនុស្សស្លាប់ និងរងរបួស ហើយថាត្រៀមខ្លួនជានិច្ចដើម្បីសម្របសម្រួលកិច្ចពិភាក្សាក្នុងក្របខណ្ឌអាស៊ាន ថាតើត្រូវធ្វើដូចម្ដេចដើម្បីស្វែងរកវិធីសាស្ត្រសមស្របជួយដល់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការឆ្លើយតបមួយតាមរយៈសារអេឡិចត្រូនិក Email នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឧបការីរដ្ឋមន្ត្រីការបរទេសហ្វីលីពីនទទួលបន្ទកិច្ចការអាស៊ាន លោកស្រី Ana Marie ​Hernando បាននិយាយថាហ្វីលីពីនកំពុងតាមដានស្ថានការណ៍វិវត្តន៍នៅមីយ៉ាន់ម៉ាយ៉ាងយកចិត្តទុកដាក់ និងព្រួយបារម្ភជុំវិញការវាយប្រហារដែលបង្កការបំផ្លិចបំផ្លាញ ការបាត់បង់អាយុជីវិតមនុស្ស និងអ្នករងរបួស។ លោកស្រីបន្ថែមថាក្នុងនាមជាប្រធានអាស៊ាន ហ្វីលីពីននៅតែយកចិត្តទុកដាក់ចំពោះទស្សនៈយល់ឃើញរបស់រដ្ឋជាសមាជិកទាំងអស់ ហើយនឹងបន្តប្រកាន់ខ្ជាប់នូវវិធីសាស្ត្រផ្អែកលើគោលការណ៍កង់សង់ស៊ីសរបស់អាស៊ាន។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះនៅក្នុងទីក្រុង Kyauktaw នៃរដ្ឋ Rakhine បានសម្លាប់មនុស្ស ៥០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីផ្ទុះរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងនោះរួមមាន Arakan Army បានបង្កើតសម្ព័ន្ធភាពដើម្បីប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា។ សង្រ្គាមស៊ីវិលនេះបានសម្លាប់មនុស្សប្រមាណ ១០០ ០០០នាក់ និង៣,៥លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕