FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល សម្លាប់មនុស្ស ៥នាក់ ក្នុងតំបន់ហ្កាហ្សា (Video inside)

03-10-2026 13:57

(គែរ)៖ ក្រុមមន្ត្រីសុខាភិបាល និងសេវាការពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងហ្កាហ្សា នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លាមៗមិនទាន់មានការធ្វើអត្ថាធិប្បាយពីយោធាអ៉ីស្រាអែលនៅឡើយទេ។ សហរដ្ឋអាមេរិកបានសម្របសម្រួលឱ្យមានបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សាកាលពីឆ្នាំ២០២៥ ប៉ុន្តែក្រុមអ្នកចរចានៅតែមិនទាន់អាចឯកភាពគ្នាលើលក្ខខណ្ឌសម្រាប់ក្រុមហាម៉ាសរំសាយអាវុធ និងការដកកងទ័ពអ៉ីស្រាអែលចេញពីហ្កាហ្សានោះទេ។ អ៉ីស្រាអែលដែលបាននិយាយថាក្រុមហាម៉ាសបាន និងកំពុងបំពាក់​អាវុធឡើងវិញ និងបើកការវាយប្រហារដោយបំពានលើបទឈប់បាញ់ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើចលនាប្រដាប់អាវុធមួយ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

ក៏ប៉ុន្តែ ក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់ពីអ៉ីស្រាអែល ហើយថាខ្លួនមិនបានបើកការវាយប្រហារ ឬកសាងឃ្លាំងអាវុធរបស់ខ្លួនឡើងវិញទេ និងចោទអ៉ីស្រាអែលវិញថាកំពុងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា។

បើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ១៤០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ចាប់តាំងពីមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំមុនមក។ អ៉ីស្រាអែលក៏បានអះអាងដែរថាទាហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលដូចគ្នានេះដែរ៕