FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ទង់មតិ៖ ឥទ្ធិពលចិនក្នុងតំបន់អាមេរិកឡាទីន ត្រូវបានមើលឃើញក្នុងន័យវិជ្ជមានខ្លាំងជាងឥទ្ធិពលសហរដ្ឋអាមេរិក

03-10-2026 09:58

​(បូហ្គោតា, កូឡុំប៊ី)៖ ការស្ទង់មតិដ៏ធំមួយធ្វើឡើងនៅក្នុងប្រទេសចំនួន១៧ នៃតំបន់អាមេរិកឡាទីន បានបង្ហាញថាប្រជាជនក្នុងតំបន់នេះមើលឃើញឥទ្ធិពលរបស់ចិន ក្នុងន័យវិជ្ជមានខ្លាំងជាងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦។

ការស្ទង់មតិឆ្នាំ២០២៦នេះធ្វើឡើងដោយស្ថាប័ន Latinobarometro បានរកឃើញថាចិនបាននាំមុខសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥទ្ធិពលជាលើកដំបូង ចាប់តាំងពីការស្ទង់មតិប្រចាំឆ្នាំចាប់ផ្ដើមធ្វើឡើងកាលពីឆ្នាំ១៩៩៥។ តាមការស្ទង់មតិនោះ ៥៧ភាគរយនៃប្រជាជនក្នុងតំបន់អាមេរិកឡាទីន មើលឃើញឥទ្ធិពលក្នុងន័យវិជ្ជមាន ឬថយចុះពី ៦០ភាគរយកាលពីឆ្នាំ២០២០។ ចំណែក ឥទ្ធិពលរបស់ចិនវិញត្រូវបានមើលឃើញក្នុងន័យវិជ្ជមានដោយ ៦៥ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍ ពោលគឺកើនឡើងពី ៤៨ភាគរយ កាលពី៦ឆ្នាំមុន។

នៅក្នុងតំបន់អាមេរិកឡាទីន កូស្ដារីកា និងសាធារណរដ្ឋដូមីណិក គឺជាប្រទេសតែ២គត់ជាទីដែលឥទ្ធិពលរបស់សហរដ្ឋអាមេរិកត្រូវបានមើលឃើញថាមានភាពវិជ្ជមានល្អប្រសើរជាងចិន។

គួរបញ្ជាក់ថា បើតាមស្ទង់មតិខាងលើដដែល មូលហេតុមួយផ្នែកនៃការផ្លាស់ប្ដូរ មានជាប់ពាក់ព័ន្ធនឹងអវត្តមានស្ទើរតែទាំងស្រុងរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាមេរិកឡាទីន អស់រយៈពេលជាង ២ទសវត្សរ៍បន្ទាប់ពីសង្រ្គាមអ៉ីរ៉ាក់ឆ្នាំ២០០៣។ ការណ៍នេះធ្វើឱ្យអំឡុងពេលនោះ បណ្ដាប្រទេសអាមេរិកឡាទីនបានងាកទៅពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយមហាអំណាចផ្សេងទៀតរួមមាន ចិន សហភាពអឺរ៉ុប និងជប៉ុនជាដើម៕