សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចោទក្រុមហ៊ូទីថាបានវាយប្រហារស្ថានីយអគ្គិសនីនៃវិហារព្យាការីក្នុងក្រុងម៉ាឌីណា (Video inside)
02-10-2026 21:36
(រីយ៉ាដ)៖ សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រដាប់អាវុធហ៊ូទី (Houthi) គាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារលើស្ថានីយចែកចាយអគ្គិសនីមួយកន្លែងក្នុងទីក្រុងម៉ាឌីណា (Medina) ដែលជាប្រភពផ្គត់ផ្គង់ចរន្តអគ្គិសនីទៅកាន់ «វិហារព្យាការី» (Prophet's Mosque) ជាទីសក្ការបូជាដ៏វិសុទ្ធបំផុតមួយនៃសាសនាឥស្លាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
សម្ព័ន្ធភាពយោធាបានបញ្ជាក់ថា ការវាយប្រហារនេះបានធ្វើឱ្យត្រង់ស្វូម៉ាទ័រមួយគ្រឿងខូចខាតដំណើរការ ប៉ុន្តែមិនបានប៉ះពាល់ដល់បណ្តាញអគ្គិសនីទាំងមូលឡើយ។ យ៉ាងណាក្តី ប្រភពយោធារបស់ក្រុមហ៊ូទី ស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Saba បានច្រានចោលការចោទប្រកាន់នេះភ្លាមៗ ដោយចាត់ទុកថាជារឿងប្រឌិត ដើម្បីបិទបាំងការបរាជ័យរបស់អារ៉ាប៊ីសាអូឌីត ក្នុងការស្វែងរកភស្តុតាងលើការចោទកន្លងមក ដែលថាក្រុមហ៊ូទីមានបំណងវាយប្រហារទីក្រុងមេកា (Mecca)។
ក្រោយហេតុការណ៍នោះ ក្រុមហ៊ូទីបានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត លើរដ្ឋធានីសាណា (Sanaa) និងតំបន់ផ្សេងទៀតក្នុងប្រទេសយេម៉ែន ខណៈអ្នកនាំពាក្យកងកម្លាំងរដ្ឋាភិបាលស្របច្បាប់យេម៉ែន បញ្ជាក់ថាសម្ព័ន្ធភាពយោធាពិតជាបានបើកការវាយប្រហារលើ «គោលដៅសំខាន់ៗ» ក្នុងរដ្ឋធានីសាណាមែន។ ក្រៅពីនេះ សម្ព័ន្ធភាពយោធាក៏បានប្រកាសពីការបាញ់ស្ទាក់កម្ទេចមីស៊ីលបាលីស្ទិកមួយគ្រាប់ ដែលក្រុមហ៊ូទីបាញ់សំដៅទីក្រុង Khamis Mushait ភាគខាងត្បូងអារ៉ាប៊ីសាអូឌីតផងដែរ។
គួរបញ្ជាក់ថា ការផ្ទុះឡើងវិញនូវជម្លោះនេះ គឺជាការប្រឈមមុខដាក់គ្នាដ៏តានតឹងបំផុតរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី ចាប់តាំងពីបទឈប់បាញ់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២២ ត្រូវបានរុះរើ បន្ទាប់ពីក្រុមហ៊ូទីបានប្រកាសបិទខ្ទប់ដែនទឹកអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដា និងបានបើកការវាយប្រហារលើនាវាដឹកជញ្ជូន ព្រមទាំងដណ្តើមគ្រប់គ្រងទឹកដីមួយចំនួននៅតាមបណ្តោយឆ្នេរសមុទ្រក្រហមនៃប្រទេសយេម៉ែន៕



