លោក ត្រាំ ព្រមានវាយអ៉ីរ៉ង់ឱ្យកាន់តែខ្លាំង ប្រសិនបើមានជាប់ពាក់ព័ន្ធនឹងករណីយន្តហោះ flydubai (Video inside)
02-10-2026 09:38
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ថាទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធ នឹងករណីចាក់គ្នាដោយក្រុមពីឡុត នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ flydubai ដែលធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ហើយថាអ៉ីរ៉ង់នឹងរងការវាយប្រហារតបតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួនពិតជាមានជាប់ពាក់ព័ន្ធមែននោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ គូសបញ្ជាក់ថា៖ «ផ្អែកលើអ្វីដែលខ្ញុំបានឮ ខ្ញុំអាចនិយាយបានថាចម្លើយគឺ yes ប៉ុន្តែយើងកំពុងដោះស្រាយបញ្ហានេះ នៅពេលនេះ»។ នេះជាចម្លើយរបស់លោក ត្រាំ ពេលដែលអ្នកសារព័ត៌មានសួរលោកថា តើអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ ដែលកើតឡើងលើជើងហោះហើរពីទីក្រុងឌូបៃ ទៅកាន់ទីក្រុងតេលអាវីវ ដែរឬទេ? ចំពោះសំណួរថាតើសហរដ្ឋអាមេរិកនឹងសងសឹកអ៉ីរ៉ង់ដែរឬទេ ប្រសិនបើប្រទេសនេះ គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ? លោក ត្រាំ ឆ្លើយថា «ពួកគេនឹងត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី»។
គួរបញ្ជាក់ថា មានការចោទប្រកាន់ ទៅលើពីឡុតរងម្នាក់នៅលើយន្តហោះ flydubai ថាបានវាយប្រហារលើប្រធានក្រុមពីឡុត មុនពេលដែលអ្នកដំណើរនាំគ្នារត់ចូលទៅឃាត់ និងជួយយន្តហោះមិនឱ្យធ្លាក់។ តាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ពីឡុងរងរូបនោះត្រូវគេល្បួងឱ្យមានគំនិតជ្រុលនិយម៕

