ជើងហោះហើរអន្តរជាតិចេញ-ចូលក្រុងតេអេរ៉ង់ ធ្លាក់ចុះ ៤២% ក្រោយអាមេរិកដាក់បម្រាម
01-10-2026 23:51
(ឡុងដ៍)៖ ទិន្នន័យតាមដានជើងហោះហើរបានបង្ហាញថា ជើងហោះហើរអន្តរជាតិចេញ-ចូលព្រលានយន្តហោះធំជាងគេក្នុងរដ្ឋធានីតេអេរ៉ង់ បានធ្លាក់ចុះជិតពាក់កណ្តាល ឬស្មើនឹង ៤២% ក្រោយអាមេរិកដាក់បម្រាមលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប៉ុន្តែផ្លូវហោះហើរពេញនិយមមួយចំនួននៅតែបន្តដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ផ្អែកតាមទិន្នន័យពីគេហទំព័រ FlightRadar24 គិតចាប់តាំងពីបម្រាមរបស់អាមេរិកចូលជាធរមានកាលពីថ្ងៃទី២៣ ខែកញ្ញា ព្រលានយន្តហោះអន្តរជាតិ អ៊ីម៉ាំ ខូមេនី (Imam Khomeini) ក្នុងក្រុងតេអេរ៉ង់ ដំណើរការជើងហោះហើរអន្តរជាតិជាមធ្យមត្រឹមតែ ៥៣ ជើងក្នុងមួយថ្ងៃ បើធៀបនឹង ៩១ ជើងកាលពីមុនពេលមានបម្រាម។ ចរាចរណ៍ផ្លូវអាកាសរបស់អ៊ីរ៉ង់ បានធ្លាក់ចុះខ្លាំងរួចទៅហើយ តាំងពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ដែលបង្ខំឱ្យអ៊ីរ៉ង់បិទដែនអាកាសទាំងស្រុង ហើយពេលបើកដំណើរការឡើងវិញ មានតែក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ប៉ុណ្ណោះដែលបន្តហោះហើរ។
មុនពេលមានបម្រាម ព្រលានយន្តហោះតេអេរ៉ង់ធ្លាប់មានជើងហោះហើរទៀងទាត់ទៅកាន់ប្រទេសចំនួន ១៨ ប៉ុន្តែបច្ចុប្បន្ន ជើងហោះហើរទៅកាន់ហ្សកហ្ស៊ី អូម៉ង់ និងអាស៊ែបៃហ្សង់ ត្រូវផ្អាកទាំងស្រុង។ ទន្ទឹមគ្នានេះ ជើងហោះហើររវាងតេអេរ៉ង់ និងទីក្រុងឌូបៃ ក៏បានកាត់ផ្ដាច់ទាំងស្រុងតាំងពីថ្ងៃទី២៣ ខែកញ្ញា ក្រោយអារ៉ាប់រួម (UAE) ប្រកាសអនុវត្តតាមបម្រាមរបស់អាមេរិក។
ដោយឡែក ជើងហោះហើររវាងអ៊ីរ៉ាក់ និងតេអេរ៉ង់ ដែលបានផ្អាកតាំងពីថ្ងៃទី២៥ ខែកញ្ញា គ្រោងនឹងដំណើរការឡើងវិញក្នុងខែតុលានេះ ក្រោយក្រសួងដឹកជញ្ជូនអ៊ីរ៉ាក់បញ្ជាក់ថា អាមេរិកបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ាក់ បើកជើងហោះហើរឡើងវិញរវាងទីក្រុងណាជាហ្វ (Najaf) និងអ៊ីរ៉ង់ ៕
